(បរទេស)៖ រដ្ឋលេខាធិការអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិនៅថ្ងៃសុក្រថា ការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក លើការបញ្ជូនបន្ទះឈីបកុំព្យូរទ័រកម្រិតខ្ពស់ទៅកាន់ប្រទេសចិន គឺមិនមានន័យថា ដើម្បីរារាំងសេដ្ឋកិច្ចរបស់ប្រទេសចិន ឬការរីកចម្រើនផ្នែកបច្ចេកវិទ្យានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីឆ្នាំ២០២២ មក មន្ត្រីសហរដ្ឋអាមេរិកបានដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹង មុនពេលដែលបន្ទះឈីបកុំព្យូទ័រអាចត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយមានការកាត់ផ្តាច់ការលក់មួយចំនួនពីក្រុមហ៊ុនកំពូលដូចជា Nvidia, Advanced Micro Devices (ហៅកាត់ AMD) និង Intel រួមទាំងក្រុមហ៊ុនមួយចំនួនទៀត។ ការគ្រប់គ្រងការនាំចេញទាំងនោះ បានអនុវត្តតាមការហាមឃាត់ពីមុនលើការដឹងជញ្ជូនបន្ទះឈីបទៅកាន់ក្រុមហ៊ុន Huawei Technologies។

ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិក បានផ្តល់អាជ្ញាប័ណ្ណយ៉ាងហោចណាស់ក្រុមហ៊ុនអាមេរិកចំនួនពីរគឺ Intel និង Qualcomm ដើម្បីរក្សាការបញ្ជូនបន្ទះឈីបទៅឱ្យក្រុមហ៊ុន Huawei ខណៈដែលក្រុមហ៊ុនចិននេះ កំពុងប្រើប្រាស់បន្ទះឈីប Intel ដើម្បីផ្តល់ថាមពលដល់ម៉ូដែលកុំព្យូទ័រយួរដៃថ្មី។ សមាជិកសភា មកពីគណបក្សសាធារណរដ្ឋពីរនាក់កាលពីដើមសប្តាហ៍នេះ បានរិះគន់ការលើកលែងចំពោះក្រុមហ៊ុន Intel ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយ NPR លោក Blinken បានគូសបញ្ជាក់ការលើកលែងនេះថា ជាសញ្ញាមួយដែលសហរដ្ឋអាមេរិកមិនព្យាយាមធ្វើឱ្យប្រទេសចិនស្អប់ខ្ពើម។

លោក Blinken បានប្រាប់អ្នករៀបចំកម្មវិធី NPR លោក Steve Inskeep ពេលទៅទស្សនាទីក្រុងប៉េកាំងថា «ខ្ញុំបានឃើញថាក្រុមហ៊ុន Huawei ទើបតែបញ្ចេញកុំព្យូទ័រយួរដៃថ្មីមួយ ដែលវាអួតថាមានសមត្ថភាព AI ពិសេសដែលប្រើដោយបន្ទះឈីប Intel»។ «ខ្ញុំគិតថា អ្វីដែលយើងផ្តោតលើ គឺគ្រាន់តែជាបច្ចេកវិទ្យា ដែលជាចំណុចសើបបំផុតប៉ុណ្ណោះ ដោយផ្នែកនេះវាអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង។ យើងមិនផ្តោតលើការកាត់ផ្តាច់ពាណិជ្ជកម្ម ឬចំពោះបញ្ហាដែលរារាំងប្រទេសចិននោះទេ»

គួរជម្រាបថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Intel និង Qualcomm ក្នុងការលក់ទៅឱ្យក្រុមហ៊ុន Huawei ត្រូវបានផ្តល់ឱ្យក្នុងអំឡុងពេលរដ្ឋបាលរបស់ប្រធានាធិបតីលោក Donald Trump ហើយបច្ចុប្បន្ននេះនៅតែបន្តផ្តល់ឱ្យបើទោះបីជាស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Biden។ ដោយឡែកដៃគូប្រកួតប្រជែងផ្សេងទៀតដូចជា AMD និង Media Tek មិនបានទទួលការលើកលែងស្រដៀងគ្នាទេ ចំពោះរឿងរ៉ាវជាក់លាក់ទាំងរដ្ឋបាល Trump និង Biden មិនបានពន្យល់ពីមូលហេតុនោះទេ៕