(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) ឆ្នាំ២០២៣/២៤ បានបញ្ចប់ហើយ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង ដោយលទ្ធផល ១-០ ក្រោយប្រកួតពេញ ៩០នាទីស្មើគ្នា ០-០ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ជក់ចិត្ត ទាំងគូដណ្ដើមជើងឯក និងគូដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្រៅពីលទ្ធផលឈ្នះ-ចាញ់ ក៏ដូចជាការទទួលបាននូវពានរង្វាន់ផ្សេងៗ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបន្សល់នូវរឿងរ៉ាគួរឲ្យចាប់អារម្មណ៍ជាច្រើន ខណៈពេលនេះ អង្គភាព Fresh News Plus សូមលើកយក ៣ចំណុចមកបង្ហាញ៖

១. ស្ថានភាពអ្នកគាំទ្រ

ក្រៅពីការប្រកួតអន្ដរជាតិ របស់ក្រុមជម្រើសជាតិកម្ពុជា ច្បាស់ណាស់ ការប្រកួតរវាងក្លិប និងក្លិប កម្រិតមានទស្សនិកជនចូលទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន ឬពហុកីឡដ្ឋានខ្ទង់ម៉ឺននាក់ ។ ប៉ុន្ដែវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ កាលពីយប់មិញ មានចំនួនអ្នកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់ ២៩,៧៦៩នាក់ ។ នេះគឺជាតួរលេខគួរឲ្យភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ ដ្បិតក្នុងប្រវត្តិសាស្ដ្របាល់ទាត់កម្ពុជា (ក្លិបប៉ះក្លិប) មិនធ្លាប់មានចំនួនទស្សនិកច្រើនបែបនេះឡើយ ។

ម្យ៉ាងវិញទៀត ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខាងលើ ក៏ជាការសម្ពោធកៅអីថ្មី ដែលទទួលបានការឧបត្ថម្ភពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ក្នុងការបំពាក់កៅអីមានបង្អែកថ្មី ស្របតាមស្ដង់ដារ FIFA និង AFC ដើម្បីដាក់លក់សំបុត្រផ្លូវការ នៅតំបន់ក្រៅដំបូល(តំបន់ B) ចំនួន ២៥,០០០កៅអី និងកៅអីមានស្រាប់នៅតំបន់មានដំបូល(តំបន់ A) សរុបចំនួន ៣ម៉ឺនកៅអី ។ ដូច្នេះចំនួនអ្នកគាំទ្រជិត ៣ម៉ឺននាក់ ដែលបានចូលទស្សនាផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញ ក៏ជាការសម្ពោធ និងអបអរនូវសមិទ្ធផលថ្មីនេះដែរ ។

២. អាជ្ញាកណ្ដាល

អាជ្ញាកណ្ដាល គឺជាផ្នែកមួយ នៃបាល់ទាត់ដែលមិនអាចខ្វះបានក្នុងការប្រកួតនីមួយៗ ។ សម្រាប់ជំនួបដណ្ដើមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ២០២៣/២៤ គឺដឹកនាំដោយលោក ជី សាមឌី (អាជ្ញាកណ្ដាល), លោក សុន ចាន់ភារិទ្ធ (ជំនួយការអាជ្ញាកណ្ដាលទី១), លោក មឿន ធី (ជំនួយការអាជ្ញាកណ្ដាលទី២) និងលោក ឃិន ឧសីហា (មន្ដ្រីទី៤) ។

ឆ្លងកាត់ការដឹកនាំការប្រកួតពេញ ១២០នាទី អាជ្ញាកណ្ដាលខាងលើ បានទទួលការសាទរជាខ្លាំងពីមហាជន ចំពោះការកាត់សេចក្ដីដ៏ច្បាស់លាស់ និងសុក្រឹតលើទីលាន ពិសេសត្រង់ចំណុច នៃការស៊ុតបាល់បញ្ចូលទី ២លើក តែជាបាល់ Offside របស់ភ្នំពេញក្រោន និងការស៊ុតបាល់បញ្ចូលទី ១ លើករបស់ព្រះខ័នរាជស្វាយរៀង តែជាបាល់ Offside ដូចគ្នា ។ ការណ៍នេះ នាំឲ្យមហាជនកោតសរសើរ ចំពោះការកាត់សេចក្ដីនេះ ដែលនាំឲ្យការប្រកួតប្រព្រឹត្តទៅយុត្ដិធម៌(Fair-Play) និងចៀសវាងនូវបាតុភាពផ្សេងៗទៀតផង ។

៣. ការដំឡើងប្រាក់រង្វាន់ (ក្រុមជើងឯក កើន ១ម៉ឺនដុល្លារ)

ឆ្នាំនេះ សម្រាប់ប្រាក់រង្វាន់ក្រុមជយលាភី គឺមានការកើនឡើងច្រើន បើធៀបនឹងរដូវកាលមុន ជាក់ស្ដែងក្រុមជើងឯក រដូវកាលមុន ទទួលបានត្រឹម ១១០លានរៀល ខណៈឆ្នាំនេះ ក្រុមជើងឯក ទទួលបាន រហូតដល់ ១៥០លានរៀល (កើន ៤០លានរៀល ឬប្រមាណ ១ម៉ឺនដុល្លារ) ។ ក្រុមលេខ២ រដូវកាលមុន ទទួលបាន ៧០លានរៀល ឆ្នាំនេះកើនដល់ ១០០លានរៀល និងលេខ៣ រដូវកាលមុន ទទួលបាន ៤០លានរៀល តែឆ្នាំនេះ កើនដល់ ៧០លានរៀល ។ នេះគឺជាផ្នែកមួយ សបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់ជាតិ ។

គួរដឹងថា មុនឈានដល់ការប្រកួតដណ្ដើមជើងឯក រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន អតីតក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា ក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ផងដែរ បន្ទាប់ពីយកឈ្នះក្រុមបឹងកេត ក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ០-០ ។

ដូច្នេះចំពោះប្រាក់រង្វាន់ជយលាភី ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយមាស ៤៥គ្រឿង និងពានរចនាបថថ្មីដ៏ស្រស់ស្អាត ១ អមប្រាក់រង្វាន់ ១៥០លានរៀល ។ លេខ២ ក្រុមភ្នំពេញក្រោន ទទួលបានមេដាយប្រាក់ ៤៥គ្រឿង អមប្រាក់រង្វាន់ ១០០លានរៀល និងលេខ៣ ក្រុមវិសាខា ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង អមប្រាក់រង្វាន់ ៧០លានរៀល ។ រីឯពានរង្វាន់ក្រុមលេង Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ១០លានរៀល ។ លើសពីនេះ ក៏មានពានរង្វាន់ឯកត្ដជនផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ខាងលើ មានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនទៀត ។ ឆ្លៀតឱកាសនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បាននាំនូវថវិកាឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៥ម៉ឺនដុល្លារ ប្រគល់ជូនលោក ឈី កុលបុត្រា លេខាធិការប្រតិបត្ដិ នៃគណៈកម្មការរៀបចំការប្រកួតផងដែរ ៕