(ភ្នំពេញ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធកំពុងដើរលើផ្លូវត្រូវ ក្នុងដំណើរឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុង នៃការលេងបាល់ទះខុសស្ដង់ដារ តាមបណ្ដារាជធានី-ខេត្ត ឲ្យងាកមកលេងបាល់ទះតាមស្ដង់ដារឡើងវិញ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានបញ្ចប់ការរៀបចំព្រឹត្តិការណ៍បាល់ទះ ៤ស្មើទូទាំងប្រទេស ដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួត ២ខែ ដោយក្រុមវិសាខា (A) បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រសួងមហាផ្ទៃ ៣-១ សិត។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ។

មន្ដ្រីសហព័ន្ធរូបនេះ បានអះអាងថា ព្រឹត្តិការណ៍ខាងលើ បានបញ្ចប់ដោយរលូន ស្របតាមផែនការរបស់សហព័ន្ធ និងដៃគូឧបត្ថម្ភ ដែលមានបំណងរួមគ្នា ដើម្បីបំផុសការលេងបាល់ទះតាមបណ្ដាខេត្ត ដ្បិតសហព័ន្ធសង្កេតឃើញសកម្មភាពកីឡាបច្ចុប្បន្ន ច្រើនប្រមូលផ្ដុំតែនៅភ្នំពេញ។

ដូច្នេះក្រៅពីផ្ដល់ឱកាសឲ្យកីឡាករតាមបណ្ដាខេត្តបានចូលរួមបង្ហាញសមត្ថភាព ក៏ជាឱកាសសម្រាប់គ្រូបង្វឹកសហព័ន្ធ ក្នុងការស្វែងរកកីឡាករមានសក្ដានុពលមកកែច្នៃក្នុងជំរំហ្វឹកហាត់ក្រុមជម្រើសជាតិផងដែរ។

លោកថា «ពីមុនកម្រិតក្លិបធំៗ នៅភ្នំពេញ និងក្រុមមកពីតាមភូមិភាគ មានគម្លាតឆ្ងាយពីគ្នា តែបច្ចុប្បន្ន យើងឃើញមានការតដៃគ្នាយ៉ាងស្វិតស្វាញ ទម្រាំឈ្នះចាញ់មួយសិតៗ ពិសេសបេក្ខភាពលេងជុំផ្ដាច់ព្រ័ត្រទាំងអស់ គឺមានសមត្ថភាពមិនធម្មតានោះទេ ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗ ពួកគាត់នឹងអភិវឌ្ឍន៍សមត្ថភាពកាន់តែរីកចម្រើនថែមទៀត ពិសេសអ្វីដែលខ្ញុំវាយតម្លៃ និងកត់សម្គាល់ គឺយើងកំពុងដើរលើផ្លូវត្រូវ ក្នុងការកែទម្លាប់នៃការលេងបាល់ខុសបច្ចេកទេសតាមបណ្ដាលខេត្ត ងាយមកលេងតាមស្ដង់ដារ»

«ដូចបងប្អូនបានជ្រាបហើយថា ពីមុនការលេងខុសបច្ចេកទេស គឺមានគ្រប់ទិសទី តែបច្ចុប្បន្ននេះ យើងកាត់បន្ថយពីមួយជំហានទៅមួយជំហាន អាចនៅថ្ងៃណាមួយ ឬឆ្នាំក្រោយៗទៀត យើងនឹងឈានទៅការលុបបំបាត់ទាំងស្រុងតែម្ដង ។ អ៊ីចឹងការចូលរួម និងការលុបបំបាត់ ដោយអត្តពលិកខ្លួនឯង គឺជានិរន្ដរភាពនៃការអភិវឌ្ឍបាល់ទះ តែបើសិនជាការដោយបង្ខិតបង្ខំ ឬក៏មិនបានពេញចិត្ដពេញថ្លើមក្នុងការកែទម្លាប់ទេ ខ្ញុំគិតថា វាគឺជាការពិបាក»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់បែបនេះ។

ដូច្នេះតាមរយៈការរៀបចំព្រឹត្តិការណ៍បាល់ទះ ៤ស្មើខាងលើ បានផ្ដល់នូវផលចំណេញជាច្រើន សម្រាប់សហព័ន្ធ ចំណេញទាំងការកែទម្លាប់អាក្រក់នៃការលេងខុសបច្ចេកទេស មកលេងតាមស្ដង់ដារផង ក៏ដូចជាចំណេញទាំងការស្វែងរកអត្តពលិកមានសក្ដានុពល សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានាផង ជាក់ស្ដែងសហព័ន្ធបាននឹងកំពុងធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិ U20 ដើម្បីសម្រិតសម្រាំងយក ១៤នាក់ចុងក្រោយ ចូលរួមការប្រកួតជម្រុះបាល់ទះជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ ជាមួយក្រុម U20 វៀតណាម នៅទឹកដីកណ្ដាល នាប្រទេសថៃ នាខែមិថុនាខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 បានចាប់ផ្ដើមការប្រកួតជម្រុះតាមភូមិភាគ កាលពីចុងខែកុម្ភៈ ដោយបែងចែកជា ៥មណ្ឌល និងមាន ៥២ក្រុមចូលរួម ដើម្បីចម្រាញ់យកក្រុមលេខ១ និងលេខ២ ប្រចាំមណ្ឌលនីមួយៗ ឡើងជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។ ជាលទ្ធផលផ្លូវការ ក្រុមបាល់ទះវិសាខា បានគ្រងជើងឯក អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងលេខ៣ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ទទួលបានប្រាក់រង្វាន់ ១២លានរៀល៕