(បរទេស)៖ ក្រុមហ៊ុន Apple បានចេញមុខប្រកាសកាលពីថ្មីៗនេះថា ខ្លួននឹងធ្វើការ Update នូវផលិតផលថ្មីៗជំនាន់ក្រោយជាមួយនឹងបច្ចេកវិទ្យា AI ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនបាននិងកំពុងតែដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះនៅលើឧបករណ៍ និងសេវាកម្មរបស់ពួកគេ។

ថ្មីៗនេះសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុន AI ជាច្រើនក្នុងការស្វែងរកឱកាសសហការ ដោយក្នុងនោះ Apple ក៏បានជួបជាមួយនឹងក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា chatbot យក្សមួយរបស់អាមេរិក ដែលត្រូវបានគេស្គាល់ថា ChatGPT។

ប្រភពដែលជិតស្និទ្ធនឹងរឿងបានបង្ហើបឱ្យដឹងថា Apple និង OpenAI ទំនងជាបានចុះកិច្ចព្រមព្រៀងសហការគ្នា ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សមិទ្ធិផលថ្មីរួមគ្នានេះទៅក្នុងប្រព័ន្ធដំណើរការ iOS 18 ខណៈដែលព័ត៌មានមួយចំនួនទៀត បានបង្ហើបឱ្យដឹងថា Apple ក៏បានពិភាក្សាជាមួយ Google ក្នុងការប្រើប្រាស់ chatbot ដែលមានឈ្មោះថា Gemini នៅក្នុង iPhone ផងដែរ។

ក្រុមអ្នកជំនាញមួយចំនួនបានលើកឡើងថា Apple ជាក្រុមហ៊ុនមួយដែលមានឆ្លាតវៃ ដូច្នេះ Apple អាចនឹងយកបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនផ្សេងៗមកធ្វើការ upgrade ទៅលើឧបករណ៍ ឬសេវាកម្មរបស់ខ្លួន ក្នុងនោះ Siri ក៏ជាផ្នែកមួយដែលនឹងត្រូវ upgrade ផងដែរ៕