(ឡុងដ៍)៖ ចំនួនសរុបនៃអ្នកចូលរួមទស្សនាផ្ទាល់នៃការប្រកួតបាល់ទាត់ផ្នែកស្ត្រី ទាំងនៅលីគ Women's Super League និង Women's Championship បានកើនលើស ១លាននាក់ហើយ ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

កាលខែមីនា កំណត់ត្រាការចូលទស្សនាលីគ WSL ពីមុនមានចំនួន ៦៨៩,២៩៧នាក់ ត្រូវបានបំបែកកំណត់ត្រាជាមួយនឹងការប្រកួត ៣៦លើក។

«រដូវកាលនេះ គឺជាព្រឹត្តិការណ៍មួយដែលយើងត្រូវចងចាំ សម្រាប់ហេតុផលជាច្រើន» នេះជាសម្តីអ្នកស្រី Nikki Doucet នាយកប្រតិបត្តិនៃលីគទាំងពីរ។

«ការកើនលើស ១លាននាក់ក្នុងការចូលរួមទាំងលីគ Barclays Women’s Super League និង Barclays Women’s Championship បានបញ្ជាក់ពីការចាប់អារម្មណ៍ក្នុងវិស័យបាល់ទាត់ស្ត្រី នៅក្នុងប្រទេសមួយនេះ»

ចំនួនមនុស្សចូលរួមទស្សនាលីគ WSL កាន់តែច្រើនឡើងៗ កំពុងក្លាយជាទម្លាប់ទៅហើយ ជាមួយនឹងចំនួននៃការប្រកួត ត្រូវបានបង្កើនក្នុងរដូវកាលនេះ ដែលបានប្រកួតនៅកីឡដ្ឋាន ដែលប្រើប្រាស់ដោយក្លិបផ្នែកបុរស៕