(ក្រុងឡុងដ៍)៖ បន្ថែមលើជ័យជម្នះទៅលេងនៅ Premier League សម្រាប់រដូវកាលក្រោយនេះ Leicester City ក៏ត្រូវបានប្រកាសជាក្រុមជើងឯកពានរង្វាន់ Championship 2023-2024 ទៀតដែរ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះ Preston North End ៣ទល់នឹង០ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈជ័យជម្នះ ៣ពិន្ទុស្រួលៗក្រៅដីនេះដែរ បានធ្វើឱ្យក្រុមកញ្ជ្រោងខៀវ Leicester ប្រកាសលើកពាន មុនបិទរដូវកាល និងក្លាយជាក្រុមដែលរកបាន ១០០ពិន្ទុផងដែរ ប្រសិនបើលេងឈ្នះ Blackburn Rovers នៅថ្ងៃបិទរដូវកាលរបស់ពួកគេ នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ក្នុងចំណោម ៣គ្រាប់នាយប់មិញនេះដែរ ខ្សែប្រយុទ្ធចាស់វស្សា Jamie Vardy រកបាន ២គ្រាប់ម្នាក់ឯង កើនគ្រាប់ស៊ុតដល់ ១៩០គ្រាប់ ក្នុងខណៈប្រកបអាជីព ១២ឆ្នាំមកនេះជាមួយ Leicester ដែលបានជួយជ្រោមជ្រែងក្រុមកញ្ជ្រោងមួយនេះលើកពានលីគកំពូលអង់គ្លេស Premier League កាលឆ្នាំ២០១៦ ដែរ។

Leicester City ដែលបានលើកពាន Championship គម្រប់លើកទី៨ គឹបានស្ថិតក្រោមការបង្វឹករបស់លោក Enzo Marescar ដែលត្រូវបានតែងតាំងជាគ្រូបង្គោល ក្រោយពេល Leicester ត្រូវបានកាត់ចេញពីលីគកំពូលនារដូវកាលមុន៕