(អាមេរិក)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានសម្រេចដកខ្លួនចេញពីការដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី FIFA Women's World Cup នៅឆ្នាំ២០២៧ ទៀតនោះទេ ប៉ុន្តែបន្តផ្តោតលើការប្រកួតនៅឆ្នាំ២០៣១ ជំនួសវិញ។

ការសម្រេចនេះបានកើតឡើងមុន ៣សប្តាហ៍ មុនពេលសមាជរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ជ្រើសរើសបេក្ខភាពម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី១៧ ខែឧសភា ដោយមានប្រទេសប្រេស៊ីល និងការដេញថ្លៃរួមគ្នាពីប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ និងហូឡង់ ជាបេក្ខភាពដែលនៅសល់សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៧ ។

បញ្ជាក់ផងថា គិតមកដល់ពេលនេះ បេក្ខភាពដែលបានសម្រេចដកខ្លួនចេញពីការដេញថ្លៃរៀបចំព្រឹត្តិការណ៍ FIFA Women's World Cup 2027 មានសហរដ្ឋអាមេរិក, ម៉ិកស៊ិក ខណៈប្រទេសអាហ្រ្វិកខាងត្បូង បានដកខ្លួនចេញតាំងពីខែវិច្ឆិកាឆ្នាំ២០២៣ ហើយបានលើកឡើងថា ពួកគេនឹងផ្តោតលើការប្រកួតឆ្នាំ២០៣១ ជំនួសវិញផងដែរ៕