(សៀមរាប)៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមា ធ្វើពីថ្មភក់ជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបព្រះពោធិសត្វអវលោកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបព្រះនាងប្រាជ្ញាបារមិតៈ រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹមក បល្លង្កព្រះ និងបំណែកដៃជើងជាដើម ដែលភាគច្រើមមានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ។

បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូងនៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះមានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។

លោកស្រី ស៊ីមន បានបន្តទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រកាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើនសរុបប្រហែលជាង១០០បំណែក។

រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។

ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន៕