(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការកោះហៅកីឡាករយុវជនចំនួន ៦០នាក់ មកពីបណ្ដាសមាគម/ក្លិបចំនួន ១០ ដើម្បីធ្វើតេស្ដលើកទី១ ត្រៀមការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី នាខែមិថុនាខាងមុខ។

យុវជនដែលត្រូវបានសហព័ន្ធកោះហៅ រួមមានកីឡាករថ្នាលក្លិបព្រះខ័នរាជស្វាយរៀង ៦នាក់, ភ្នំពេញក្រោន ៦នាក់, វិសាខា ៧នាក់, បឹងកេត ៦នាក់, ណាហ្គាវើលដ៏ ៥នាក់, Tiffy Army FC ៦នាក់, ISI ដង្កោសែនជ័យ ៦នាក់, អង្គរថាយហ្គឺរ ៥នាក់, សមាគមក្លិបសៀមរាបយូណាយធីត ៨នាក់ និងសាលាតម្រង់ទិសរាជធានីភ្នំពេញ ៥នាក់។

ក្រោយបង្ហាញបញ្ជីឈ្មោះកីឡាករមកពីបណ្ដាសមាគម/ក្លិបខាងលើ លោក Koji Gyotoku គ្រូបង្វឹក្រុមជម្រើសជាតិ U16 កម្ពុជា ក៏បានចាប់ផ្ដើមធ្វើតេស្ដថ្ងៃដំបូង សម្រាប់ដំណាក់កាលទី១ កាលពីថ្ងៃទី០១ ខែឧសភាម្សិលមិញ នៅទីលានហ្វឹកហាត់ពហុកីឡដ្ឋានជាតិមរតកតេជោ មុនបន្ដធ្វើតេស្ដ នាថ្ងៃទី០៧ និងថ្ងៃទី១៤ ខាងមុខ ដើម្បីសម្រិតសម្រាំងយកកីឡាករឆ្នើម ២៣នាក់ចុងក្រោយ ទៅប្រកួតពានរង្វាន់ ASEAN U16 Boy’s Championship 2024 នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដាខាងមុខ៕