(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសឱ្យដឹងពីទំហំនៃការវិនិយោគថ្មីមួយដែលមានទឹកប្រាក់រហូតដល់ ២.២ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកសេវាកម្ម Cloud និងបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

Microsoft បានឱ្យដឹងថា នេះគឺជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្រ្តរយៈពេល ៣២ឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងបង្កើតមជ្ឈមណ្ឌលទិន្នន័យ Cloud នឹងបណ្តុះបណ្តាលមនុស្សចំនួន ២០០,០០០នាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI និងផ្តល់ការគាំទ្រដល់ developer នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគូឡាឡាំពួថា «យើងចង់ធ្វើឱ្យប្រាកដថា យើងមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោកនៅទីនេះ ដូច្នេះរាល់ស្ថាប័ន និងអាជីវកម្ម start-up ទាំងអស់អាចទទួលបានអត្ថប្រយោជន៍» ។ បន្ថែមពីនេះ ក្រុមហ៊ុន Microsoft ក៏នឹងធ្វើការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលឧត្តមភាព AI ថ្នាក់ជាតិ និងបង្កើនសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិតផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីនោះ លោក Nadella បានជួបជាមួយនាយករដ្ឋមន្ត្រីលោក Anwar Ibrahim ដើម្បីពិភាក្សាអំពីការវិនិយោគលើ AI។ លោក Ibrahim បាននិយាយថា ការវិនិយោគនេះ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការអភិវឌ្ឍសមត្ថភាព AI របស់ខ្លួន។

គួរជម្រាបថា ក្រុមហ៊ុន Microsoft កំពុងព្យាយាមពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការអភិវឌ្ឍ AI ទូទាំងពិភពលោក រួមទាំងការវិនិយោគចំនួន ២,៩ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ cloud និង AI នៅក្នុងប្រទេសជប៉ុន និងការវិនិយោគចំនួន ១,៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា AI ដែលមានឈ្មោះថា G42 ដែលមានមូលដ្ឋានៅអារ៉ាប់រួម។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងសប្តាហ៍នេះ លោក Nadella ក៏បានប្រកាសពីការវិនិយោគចំនួន ១.៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ៕