(បរទេស)៖ ពេលអ្នកក្លាយជាអ្នកគាំទ្របាល់ទាត់ ១រូប ទាំងក្រុមជម្រើសជាតិ ឬក៏ក្លិបអាជីពណាមួយ អ្នកតែងតែកត់សម្គាល់នូវកីឡាករ ១១នាក់លើទីលានរាល់ពេលប្រកួតម្តងៗ មានទាំងទម្រង់លេង យុទ្ធសាស្រ្ត និងប្រសិទ្ធភាពលើទីលានទៀតផង។

អស់កាលជាយូរលង់ណាស់មកហើយ ទម្រង់លេងជាចំណុចសំខាន់ដែលត្រូវបានវិវត្តន៍ជាបន្តបន្ទាប់ ក្នុងការកែទម្រង់ចំណុចខ្លាំង និងចំណុចខ្សោយក្នុងក្រុមផងដែរ ដោយត្រូវបានសម្រិតសម្រាំងមានដល់ទៅ ៦ទម្រង់លេងមានឥទ្ធិពល រហូតដល់បច្ចុប្បន្ននេះ។

ជាបន្តទៅទៀតនេះ Fresh News Plus សូមបង្ហាញជូននូវទម្រង់លេងនីមួយៗដោយសង្ខេបមានដូចខាងក្រោម ដែលបានដកស្រង់ចេញផ្សាយពីគេហទំព័រ soccerpro.com។

១៖ ទម្រង់ ៤-៣-៣

នេះជាទម្រង់លេងដែលផ្តោតទៅលើការការពារជាសំខាន់ ដែលប្រើប្រាស់កីឡាករដល់ទៅ ៤នាក់ (កណ្តាល២ និងសងខាង) មានបម្រើ ៣នាក់ និងប្រយុទ្ធ ៣នាក់ដូចគ្នា។

គុណសម្បត្តិនៃទម្រង់លេង ៤-៣-៣ នេះដែរ គឺដើម្បីឱ្យតុល្យការទាំងនៅតំបន់ការពារ និងប្រយុទ្ធ ដែលអនុញ្ញាតឱ្យមានភាពខ្លាំងនៅតំបន់បម្រើ និងស្លាបឆ្វេងស្តាំទៀតផង។ ហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើនគឺថា វាគឺជាទម្រង់មួយដែលមានប្រជាប្រិយភាពនៅគ្រប់បាល់ទាត់ទាំងអស់ ដែលទាមទារឱ្យកីឡាករគ្រប់រូបធ្វើចលនាលឿនរវាងតំបន់បម្រើ និងប្រយុទ្ធ។

២៖ ទម្រង់ ៤-២-៣-១

ទម្រង់នេះគឺមាន ខ្សែការពារ៤ បម្រើការពារ២ បម្រើប្រយុទ្ធ៣ និងប្រយុទ្ធចំតួ១
គុណសម្បតិ្តនៃទម្រង់នេះ គឺផ្តល់ភាពខ្លាំងដល់តំបន់ការពារដែរ ដែលជាមូលដ្ឋានមានកីឡាករ ២នាក់ជួយក្នុងតំបន់បម្រើ និងការពារដូចគ្នា គ្រាដែល ខ្សែបម្រើ ៣នាក់ទៀតជួយជ្រោមជ្រែងដល់ខ្សែប្រយុទ្ធ ដែលមានប្រសិទ្ធភាពនៅតំបន់បម្រើ និងអាចសម្របទៅនឹងទម្រង់លេងផ្សេងៗបានផងដែរ។

ជាការកត់សម្គាល់៖ ស្ទើរតែពេញ ១ឆ្នាំកាលឆ្នាំ២០១០ ទាំងក្លិបអាជីព Real Madrid និងជម្រើសជាតិអាល្លឺម៉ង់ ទទួលបានជោគជ័យជាខ្លាំងតាមរយៈប្រើទម្រង់លេងនេះ។

ទម្រង់ ៣-៤-៣

ជាទម្រង់វាយសម្រុកដែលមានភាពប្រថុយប្រថានខ្លាំង ដែលត្រូវបានប្រើដោយក្រុមមានកីឡាករល្បឿនលឿនលើទីលានផងដែរ។ ទម្រង់នេះប្រើកីឡាករការពារ៣ បម្រើ៤ ដោយមាន ២នាក់អាចចុះមកជួយការពារផងដែរ នៅពេលតំបន់ប្រយុទ្ធមាន ៣នាក់។

គុណសម្បត្តិនៃទម្រង់លេងនេះ គឺផ្តោតលើប្រយុទ្ធជាសំខាន់ ដោយចូលរួមពីតំបន់ការពារ និងស្លាបមកទៀតផង។

កំណត់ចំណាំផងថា លោក Antonio Conte បានប្រើទម្រង់នេះកាលនៅដឹកនាំ Chelsea គ្រាដែលលោក Roberto Martinez ប្រើក្នុងពេលដឹកនាំជម្រើសជាតិបិសាចក្រហមប៊ែលហ្សិកយ៉ាងមានប្រសិទ្ធភាពបំផុតនៅលើទីលាន ដែលជាការបញ្ជូនបាល់មានចម្ងាយឆ្ងាយទៅតំបន់ទូលាយ។

៤៖ ទម្រង់ ៤-៤-២

ទម្រង់នេះ គឺប្រើប្រាស់កីឡាករការពារ និងបម្រើ ៤នាក់ដូចគ្នា រួមទាំងប្រយុទ្ធ ២នាក់។

គុណសម្បត្តិនៃទម្រង់នេះ គឺត្រូវបានគេស្គាល់ថា ជាទម្រង់លេងសាមញ្ញ តុល្យការ និងផ្តោតលើការពារជាសំខាន់ដែរ។ វាជាទម្រង់លេងតាមបែបការពារ និងប្រយុទ្ធប្រកបដោយប្រសិទ្ធភាពម្តងម្កាលដែរ ជាពិសេសការសហការគ្នារវាងប្រយុទ្ធទាំង ២នោះតែម្តង។

ជាការកត់សម្គាល់ផងដែរ ក្រុមជាច្រើនលេងនៅ Premier League របស់អង់គ្លេស តែងតែប្រើប្រាស់ទម្រង់នេះបាន ជោគជ័យមានដូចជា លោក Sir Ales Ferguson ដែលដឹកនាំ Manchester United មានដូចជា ខ្សែបម្រើ David Beckham និង Wayne Rooney លេងបានទាំងតំបន់បម្រើ និងប្រយុទ្ធក៏បាន។

៥៖ ទម្រង់ ៣-៥-២

ទម្រង់បានប្រើកីឡាករ ៣រូបលេងនៅតំបន់ការពារ និង ៥នាក់លេងក្នុងតួនាទីបម្រើ ដោយមាន ២រូបលេងក្នុងតំបន់ការពារស្លាប និង ២នាក់លេងក្នុងតំបន់ប្រយុទ្ធជួរមុខ។

គុណសម្បត្តិក្នុងទម្រង់នេះ គឺទាមទារនៅតំបន់បម្រើខ្លាំង និងមានភាពបត់បែនក្នុងការជួយជ្រោមជ្រែងតំបន់ប្រយុទ្ធ ដែលជារឿយៗ វាយបកលឿនៗ (counter attack) ដោយមានការរួមចំណែកពីខ្សែការពារស្លាបទៀតផង។

ជាការកត់សម្គាល់ គ្រូបង្វឹក Atonio Conte បានប្រើប្រាស់ទម្រង់នេះជោគជ័យជាខ្លាំង ក្នុងការដឹកនាំច្រើនក្លិបមកនេះមានដូចជា Juventus, Chelsea និង Inter Milan ជាដើម ក្នុងការឈ្នះជាធំៗជាច្រើន ទៀតផង។

៦៖ ទម្រង់ ៥-៣-២

ទម្រង់នេះប្រើកីឡាករ ៥នាក់លេងនៅតំបន់ការពារ ដោយមាន ៣នាក់លេងជាខ្សែការពារកណ្តាល និង ៣នាក់លេងក្នុងតំបន់បម្រើ និង ២រូបលេងក្នុងតំណែងប្រយុទ្ធ។

គុណសម្បត្តិនៃទម្រង់នេះ គឺផ្តោតលើការពារជាពិសេសតែម្តង ជាមួយទម្រង់វាយបកទៀតផង។ ខ្សែការពារ ៣នាក់កណ្តាលនោះ គឹប្រើប្រាស់ដើម្បីជាការទប់ទល់នៅពេលមានការគំរាមកំហែងនៃក្រុមប្រយុទ្ធរបស់គូបក្ខដិបក្ខ។

ជាការកត់សម្គាល់ផងដែរ សាំបាប្រេស៊ីដែលស្ថិតក្រោមការដឹកនាំដោយលោក Felipe Scolari បានប្រើប្រាស់ទម្រង់ ៥-៣-២ ដណ្តើមបានជើងឯក World Cup 2002 ដោយបំប៉ោងសំណាញ់ទីគូប្រកួត ៨គ្រាប់ផងដែរ ក្នុងចំណោម ៧ប្រកួតដល់លើកពាន ដោយបានប្រើប្រាស់កីឡាករ Ronaldo និង Cafu នៅជួរមុខ គ្រាដែល Roberto Carlos លេងនៅតំបន់បម្រើ៕