(ភ្នំពេញ)៖ ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦នេះភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិ។

ជាមួយគ្នានេះលោកជំទាវអ្នកឧកញ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាអ្នកសិល្បៈ ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឱ្យលោកជំទាវធ្វើជាប្រធានក្នុងអាណត្តិថ្មីនេះ។​

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ទៀតថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់ យកពេលវេលាមួយមកចូលរួមជួយពង្រឹងលើការងារសិល្បៈរបស់កម្ពុជាហើយ ព្រោះកូនរបស់លោកជំទាវ ក៏ធំពេញវ័យអស់ដែលអាចឱ្យលោកជំទាវដកឃ្លាពីការមើលថែកូន យកពេលវេលាចុងក្រោនេះចូលរួមជម្រុញធ្វើយ៉ាងណា​ឲ្យវិស័យសិល្បៈ មានការរីកចម្រើនបន្ថែម។

ក្រោយពីជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងបន្ថែមថា សមាគមសិល្បករសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នាស្របតាមគោលនយោបាយជាតិ និងវិស័យវប្បធម៌ និងការអភិវឌ្ឈន៍ និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ។

បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ពីការ ពិនិត្យមើលលទ្ធភាពការបណ្តាក់ទុនពីអ្នកមានធនធាន គាំទ្រវិស័យភាពយន្ត ឲ្យកាន់តែមានគុណភាពឈានទៅ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។

លោកជំទាវអ្នកឧកញ៉ា បានបង្ហាញពីចក្ខុវិស័យដ៏ល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាដឹកនាំសមាគមឲ្យរីកចម្រើន ព្រោះនៅមានរឿងច្រើនណាស់ ដែលក្រុមប្រឹក្សាភិបាលសមាគមត្រូវធ្វើការប្រជុំ ដើម្បីពិនិត្យមើលឡើងវិញទាំងអស់ថា តើយើងនៅខ្វះអ្វី? ចំណុចខ្សោយរបស់យើងនៅកន្លែងណា? កន្លែងណាយើងគួរនៅបន្ត កន្លែងណាដែលយើងគួរកាត់ចេញ កន្លែងណាគួរត្រូវពង្រឹង និងរក្សា ហើយសិល្បករខ្មែរយើងគ្រប់ជំនាន់ គឺមានសក្តានុពលខ្លាំង មានបទពិសោធ និងទេពកោសល្យល្អៗច្រើនណាស់។

លោកជំទាវអ្នកឧកញ៉ា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា មានកិច្ចការងារច្រើននៅក្នុងសង្គម ដែលមិនមែនមានតែខ្ញុំ ដែលត្រូវចូលខ្លួនជួយនោះទេ ប៉ុន្តែបើអត់មានការគាំទ្រពីបងប្អូនសិល្បករតាំងពីជំនាន់មុន និងសម័យឥឡូវនេះទេ អត់ជួយសហការគ្នា អ៉ីចឹងការងារហ្នឹងក៏ដំណើរការទៅអត់ល្អដែរ។ អ៉ឹចឹងសម្រាប់ខ្ញុំ ខ្ញុំនឹងខិតំប្ដេជ្ញាចិត្តនឹងចូលរួមគ្រប់វិស័យទាំងអស់ ឲ្យតែខ្ញុំអាចធ្វើទៅរួច អ្វីដែលខ្ញុំមាន ដើម្បីជួយជម្រុញយ៉ាងណាឲ្យវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើងបានប្រសើរ ហើយជ្រៀតខ្លួនចូលទៅក្នុងអន្តរជាតិទៀតផង.!»

សូមបញ្ជាក់ថា ការបោះឆ្នោតកាលពីព្រឹកមិញនេះ គណៈកម្មការបានកំណត់ថា ជាបោះឆ្នោតជ្រើសរើសតែប្រធានសមាគមសិល្បករខ្មែរតែ១រូបគត់ និងមានឆន្ទានុសិទ្ធិក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់សមាគមឱ្យដំណើរការទៅបាន, ជាការបោះឆ្នោតអសកល ដោយយោងទៅតាមស្ថានភាពទីកន្លែង លទ្ធភាពផ្នែកហិរញ្ញវត្ថុ ការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពផ្សេងៗ ហេតុនេះគណៈកម្មការបានសម្រេចកំណត់អង្គបោះឆ្នោតជាសិល្បករអាជីពត្រឹមចំនួនជាង ៦០០រូបប៉ុណ្ណោះ។ អង្គបោះឆ្នោតទាំងអស់ជាសំឡេងឆ្នោតតំណាងឱ្យសិល្បករគ្រប់ទម្រង់ទូទាំងប្រទេស ក្នុងការជ្រើសរើសប្រធានសមាគម ដែលមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកវឌ្ឍនភាព រួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ ក្រៅពីការគាំពារមកលើសិល្បករជាសមាជិក។

គណៈកម្មការសម្រិតសម្រាំងរកឃើញបេក្ខជន៣រូបឈរឈ្មោះជាប្រធានសមាគមរួមមាន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន, លោក ផាត់ ដារ៉ារ័ត្ន និងលោក គួច ខេវិន ខណៈលោកជំទាវ ចន ច័ន្ទលក្ខិណា បានប្រកាសមិនបន្តឈរឈ្មោះនោះទេ ទោះមានការគាំទ្រពីសិល្បករមួយចំនួនក៏ដោយ។

ប្រធានសមាគមសិល្បករខ្មែរអាណត្តិចាស់ ក៏បានបំពេញការតព្វកិច្ចចូលរួមសម្របសម្រួលដល់ដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តដោយរលូន គណនេយ្យភាព តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ សូមថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត បញ្ញាស្មារតី និងមិនគិតពីផលកំរៃចូលរួមដោយឥតលក្ខខណ្ឌក្នុងសកម្មភាពរៀបចំការបោះឆ្នោតយ៉ាងអធិកអធមនេះឡើង៕