(ប៊ែរឡាំង)៖ ខ្សែបម្រើប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Marco Reus នឹងចាកចេញពីក្លិប នៅពេលចប់រដូវកាលនេះ បន្ទាប់ពីពួកគេបានព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងការមិនបន្តកិច្ចសន្យាថ្មី។ នេះបើតាមសម្តីកីឡាករ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។

កីឡាករវ័យ ៣៤ឆ្នាំ ដែលបានចូលរួមជាមួយក្លិបកាលឆ្នាំ២០១២ ហើយក៏បានចំណាយពេល ១ទសវត្សរ៍ នៅក្លិបនេះ ក្នុងនាមជាកីឡាករយុវជននោះ រកបាន ១៦៨គ្រាប់ ក្នុង៤២៤ប្រកួត សម្រាប់ក្លិប Dortmund ខណៈបោះបាល់អោយគេស៊ុតបាន ១២៨គ្រាប់។

ដោយមានការទទួលស្គាល់ពីជំនាញរបស់លោក ក្នុងការរកគ្រាប់បាល់ និងការលេងដោយភាពឆ្លាតវៃ Reus បានក្លាយជាប្រធានក្រុមរយៈពេល ៥ឆ្នាំ រហូតដល់ឆ្នាំ២០២៣។

សូមជម្រាបថា Dortmund កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគ Bundesliga ដោយនៅសល់ ៣ប្រកួតទៀត មុនបិទរដូវកាលនេះ៕