(ម៉ាទ្រីដ)៖ អ្នកចាំទីក្លិប Real Madrid កីឡាករ Thibaut Courtois នឹងចាប់ផ្តើមប្រកួតជាលើកដំបូងរបស់លោក ក្នុងរដូវកាលនេះនៅ La Liga ទល់នឹងក្រុមប្រឈមកាត់ចេញពីលីគ Cadiz នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានជាសះស្បើយពេញលេញ ពីរបួសរហែកសរសៃពួរចងជង្គង់ (ACL)។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Carlo Ancelotti ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។

យ៉ាងណាក្តី លោក Ancelotti នឹងនៅតែមានការប្រុងប្រយ័ត្ន ជាមួយនឹងអ្នកចាំទី Courtois ដែលមិនបានចូលប្រកួតនោះទេ ចាប់តាំងពីរហែកសរសៃពួ កាលពី ១៣ខែមុន។

ស្ថិតក្នុងវ័យ ៣១ឆ្នាំ Courtois ត្រូវបានគេទទួលស្គាល់ថា ជាអ្នកចាំទីម្នាក់ ក្នុងចំណោមអ្នកចាំទីល្អបំផុតលើលោក ហើយកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ទំនងជាចាប់យកបានវិញនូវកៅអីស្ថិតក្នុងក្រុមជម្រើសដំបូងរបស់លោក ជាមួយនឹង Real Madrid។

​ជាមួយនឹងការនៅសល់ ៥ប្រកួតទៀត ក្លិបដែលដឹកនាំដោយលោក Ancelotti កំពុងឈរនៅកំពូលតារាង La Liga ដោយមាន ៨៤ពិន្ទុ នាំមុខ ១១ពិន្ទុនាំមុខក្លិប Barca និង ១៣ពិន្ទុដាច់ ពីក្លិបចំណាត់ថ្នាក់លេខ៣ Girona។

ពួកគេអាចនឹងដណ្តើមបានពានរង្វាន់លីគកំពូលអេស្ប៉ាញ បន្តកំណត់ត្រាលើកទី៣៦ ប្រសិនបើពួកគេយកឈ្នះ Cadiz ហើយក្លិប Barcelona ចាញ់ក្លិប Girona នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ៕