(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន អនុញ្ញាតឱ្យទិញភាគហ៊ុនចំនួន ១១០ពាន់លានដុល្លារមកវិញ ខណៈការទិញនេះ គឺកើតមានឡើង បន្ទាប់ពី Apple ប្រកាសពីការកើនឡើងប្រាក់ចំណូលក្នុងត្រីមាសទីពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ទោះជាប្រាក់ចំណូលកើនឡើង ប៉ុន្តែការលក់សរុបរបស់ Apple បានធ្លាក់ចុះ ៤% ហើយការលក់ iPhone បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងត្រីមាស ដែល Apple សន្មតថា ជាពេលវេលាដ៏លំបាកធៀបនឹងឆ្នាំមុន។ Apple មិនបានផ្តល់របាយការណ៍ផ្លូវការទេ ប៉ុន្តែនាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់លោក Steve Kovach ខាង CNBC ថា ការលក់សរុបនឹងកើនឡើងនៅក្នុងតួរលេខទាប ក្នុងអំឡុងត្រីមាសខែមិថុនា។ ក្រុមហ៊ុន Apple បាននិយាយថា ការលក់ iPhone បានធ្លាក់ចុះជិត ១០% មកនៅត្រឹម ៤៥.៩៦ពាន់លានដុល្លារ ដែលបង្ហាញពីតម្រូវការធ្លាក់ចុះ សម្រាប់ស្មាតហ្វូនជំនាន់បច្ចុប្បន្ន ដែលត្រូវបានចេញនៅក្នុងខែកញ្ញា។

តែយ៉ាងណា លោក Tim Cook បានប្រាប់ទូរទស្សន៍ CNBC ថា ការលក់ iPhone បានកើនឡើងនៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសនេះ ដែលអាចជាការភ្ញាក់ផ្អើល សម្រាប់មនុស្សមួយចំនួន។ លោកនិយាយថា ខ្ញុំ «មានអារម្មណ៍ល្អចំពោះប្រទេសចិន។ ខ្ញុំគិតច្រើនទៀត អំពីរយៈពេលវែងទៅមុខ...»