(ភ្នំពេញ)៖ លីគកំពូលកម្ពុជា(CPL) រដូវកាលឆ្នាំ២០២៣/២៤ នឹងចាប់ផ្ដើមប្រកួតវគ្គ ៤ក្រុមចុងក្រោយ(TOP-4) នៅល្ងាចថ្ងៃទី០៤ ខែមេសានេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង និងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា នៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា ។

បច្ចុប្បន្នក្រុមទាំង ៤ នៅសល់ ៣ប្រកួតក្នុងដៃរៀងៗខ្លួន តែមានបេក្ខភាព ២ក្រុមប៉ុណ្ណោះ នៅមានឱកាសដណ្ដើមជើងឯករដូវកាលនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ៦៩ពិន្ទុ និងក្រុមភ្នំពេញក្រោន ឈរលេខ២ មាន ៦៤ពិន្ទុ ។ រីឯក្រុមវិសាខា ឈរលេខ៣ មាន ៤៤ពិន្ទុ តាមពីក្រោយដោយក្រុមនាគខៀវបឹងកេត មាន ៤១ពិន្ទុ ។

អ្នកគាំទ្រកំពុងចាប់អារម្មណ៍ ចំពោះការប្រកួតវគ្គដ៏សំខាន់ខាងលើ ពិសេសការប្រកួតវគ្គ TOP-4 ដំបូងល្ងាចនេះ ប្រៀបបានជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដ្បិតមានលទ្ធផលមួយចំនួន នឹងកំណត់បេក្ខភាពក្រុមជើងឯកតែម្ដង ពោលគឺក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងធ្វើដំណើរលើកម្រាលព្រំក្រហមឆ្ពោះទៅលើកពានពីរ ក្នុងរដូវកាលតែមួយ ដូចភ្នំពេញក្រោន ធ្លាប់គ្រងជើងឯកលីគផង និងពានសម្ដេចតេជោ ហ៊ុន សែន ផង កាលពីឆ្នាំ២០០៨ ។

ចំពោះលទ្ធផល ដែលអាចធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯក CPL-2023/24 ដោយស្វ័យប្រវត្តិ ត្រឹមការប្រកួតល្ងាចនេះ គឺក្រុមខ័នរាជស្វាយរៀង យកឈ្នះបឹងកេត ហើយភ្នំពេញក្រោន ចាញ់ ឬស្មើវិសាខា ។ ប៉ុន្ដែករណីបើព្រះខ័នរាជស្វាយរៀង ស្មើ ឬចាញ់បឹងកេត ហើយភ្នំពេញក្រោន ឈ្នះក្រុមវិសាខាវិញ បេក្ខភាពក្រុមជើងឯក នឹងត្រូវចាំអ៊ុតការប្រកួតបន្ទាប់ ។ ដូច្នេះចាំមើលតើជើងឯកលីគកំពូលកម្ពុជា នឹងអាចរកឃើញថ្ងៃនេះ ឬនៅសប្ដាហ៍ក្រោយ?

ទន្ទឹមជាមួយដំណើរប្រជែងជើងឯកលីគដ៏ប្រផិតប្រផើយខាងលើនេះដែរ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមវិសាខា បានបញ្ជាក់ក្នុងសន្និសីទមុនការប្រកួតជាមួយក្រុមភ្នំពេញក្រោន ដោយរំពឹងការប្រកួតល្ងាចនេះ នឹងក្លាយជាការប្រកួតកំណត់ក្រុមជើងឯក ។ ការលើកឡើងនេះ មានន័យថា ក្រុមលោកនឹងយកឈ្នះក្រុមសិង្ហក្រហមឲ្យខានតែបាន ដ្បិតបើវិសាខាឈ្នះ នោះឱកាសគ្រងជើងឯកលីគកំពូលកម្ពុជា នឹងបានទៅក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង ។

គ្រូបង្វឹកដដែលបន្ដថា «នេះគឺជាការប្រកួតចុងក្រោយសម្រាប់ពួកយើង ជាមួយភ្នំពេញក្រោន ក្នុងរដូវកាលនេះ។ ខ្ញុំបានប្រាប់កីឡាករថា ការប្រកួតថ្ងៃសៅរ៍នេះ នឹងក្លាយជាការប្រកួតមួយ ដើម្បីកំណត់ក្រុមជើងឯក ឆ្នាំ២០២៣/២៤ ហើយ ។ ខ្ញុំនិយាយនេះ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់ ថាតើវិសាខា មានផែនការយ៉ាងម៉េចជាមួយភ្នំពេញក្រោន»

គួរដឹងថា ការប្រកួតវគ្គ TOP-4 ឬដំណាក់កាលទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ ធ្វើឡើងតែ ១ជុំប៉ុណ្ណោះ ។ ចំពោះកម្មវិធីប្រកួតបន្ទាប់ គឺនៅថ្ងៃទី០៨ ខែឧសភា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្ញៀវវិសាខា និងក្រុមបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមភ្នំពេញក្រោន ។ រីឯការប្រកួតបញ្ចប់រដូវកាល នាថ្ងៃទី១២ ខែឧសភាខាងមុខ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមវិសាខា ជួបក្រុមភ្ញៀវបឹងកេតវិញម្ដង ៕