(អឺរ៉ុប)៖ អ្នកចាំទី David Raya របស់ក្លិប Arsenal បានឈ្នះស្រោមដៃមាសរបស់លីគ Premier League រដូវកាលនេះ បន្ទាប់ពី Luton បានស៊ុតបញ្ចូលទី Jordan Pickford របស់ Everton កាលពីថ្ងៃសុក្រ ក្នុងជំនួបស្មើគ្នា ១-១ ដែលនាំឱ្យកីឡាករ Raya បានរក្សាការពារសំណាញ់ទី (Clean Sheet) ចំនួន ១៤ដងក្នុងការប្រកួតចំនួន២៩ ក្នុងលីគនៅរដូវកាលនេះ ដ្បិតអ្នកចាំទី Pickford របស់ Everton ធ្វើបានតែ ១២ដងប៉ុណ្ណោះ។

បញ្ជាក់ផងថា David Raya បានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Brentford កាលពីរដូវក្តៅ ខណៈនេះជាពានរង្វាន់ឯកត្តជនស្រោមដៃមាសទី២ របស់កីឡាករសញ្ជាតិអេស្ប៉ាញ David Raya ក្នុងការមកប្រកបអាជីពនៅទឹកដីលីគអង់គ្លេស ដែលលើកទី១ ធ្វើបាននៅលីគ EFL Championship 2019-20 និងលើកទី២ ក្នុងលីគ Premier League 2023-24 ។

David Raya នៅមានភារក្សកិច្ចការពារសំណាញ់ទីរបស់ក្លិប Arsenal នៅចំនួន ៣ប្រកួតទៀតក្នុងលីគ Premier League ក្នុងការរួមចំណែកនាំក្រុមឈានទៅរកឈ្នះពានលីគលើកដំបូងរបស់ពួកគេ ដែលត្រូវជួប Bournemouth, Manchester United និង Everton ដែលក្រុមកំពុងប្រជែងការពារពិន្ទុជាមួយ Manchester City នៃតំណែងជើងឯករដូវកាលនេះ៕