(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌអាចត្រូវចាប់ផ្តើមដោយមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីស៊ើបអង្កេតបឋមក្រោមការទទួលខុសត្រូវរបស់ព្រះរាជអាជ្ញា រួចបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូង។ ក្នុងករណីព្រះរាជអាជ្ញាសម្រេចយកជម្រើសនៃការចោទប្រកាន់ ត្រូវប្តឹងទៅចៅក្រមស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ហើយចៅក្រមស៊ើបសួរត្រូវបើកការស៊ើបសួរដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា។ ជាមួយគ្នានេះ នៅក្នុងនីតិវិធីនៃការស៊ើបសួរ ចៅក្រមស៊ើបសួរអាចចេញដីកានានាដើម្បីធានាដល់កិច្ចស៊ើបសួររបស់ខ្លួន ដែលក្នុងនោះរួមមានដីកាដំណោះស្រាយផងដែរ។

តើអ្វីទៅជាដីកាដំណោះស្រាយ? ដើម្បីឱ្យកាន់តែច្បាស់ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្ដីពី «ដីកាដំណោះស្រាយ» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់គ្នា ដូចខាងក្រោម។

ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ឬតាមរយៈការទទួលពាក្យប្តឹងដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមព្រហ្មទណ្ឌ។ ចៅក្រមស៊ើបសួរ បំពេញកិច្ចស៊ើបសួរទាំងអស់ ដែលខ្លួនយល់ឃើញថាមានប្រយោជន៍សម្រាប់បង្ហាញការពិត និងត្រូវស៊ើបសួរទាំងដាក់បន្ទុក និងដោះបន្ទុក ទៅលើជនត្រូវចោទ។

ក្នុងករណីដែលចៅក្រមស៊ើបសួរយល់ថា ការស៊ើបសួរត្រូវបានបញ្ចប់ នោះចៅក្រមស៊ើបសួរត្រូវជូនដំណឹងអំពីការបញ្ចប់កិច្ចស៊ើបសួរទៅព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីផងដែរ។ ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា ការស៊ើបសួរត្រូវបានបញ្ចប់ដូចចៅក្រមស៊ើបសួរដែរ ព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋានស្ថាពរជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ ដែលអាចប្ដឹងសុំឱ្យបញ្ជូនជនត្រូវចោទ ទៅកាន់តុលាការជំនុំជម្រះ ឬលើកលែងការចោទប្រកាន់។ គួរបញ្ជាក់ផងដែរថា ចៅក្រមស៊ើបសួរមិនត្រូវជាប់កាតព្វកិច្ចគោរពតាមដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញានោះទេ។

ដីកាដំណោះស្រាយ គឺជាដីកាដែលចៅក្រមស៊ើបសួរចេញដើម្បីបិទការស៊ើបសួរ ហើយដីកាដំណោះស្រាយ អាចជាដីកាបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងការចោទប្រកាន់។ ដីកាបញ្ជូន ទៅជំនុំជម្រះ ត្រូវចេញនៅពេលដែលចៅក្រមស៊ើបសួរយល់ឃើញថា អំពើដែលជនត្រូវចោទបានប្រព្រឹត្តនោះ ជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ដោយសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ និងត្រូវរៀបរាប់ពីអំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់កំណត់ជាធរមាន។ ដីកាលើកលែងការចោទប្រកាន់ ត្រូវចេញនៅពេលដែលចៅក្រមស៊ើបសួរយល់ឃើញថា អំពើនោះមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ ឬជនដែលបានប្រព្រឹត្តអំពើនោះ នៅតែគេមិនស្គាល់មុខ គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ ឬករណីដែលបណ្ដឹងអាជ្ញារលត់។ ជានិច្ចកាល ដីកាដំណោះស្រាយចេញដោយចៅក្រមស៊ើបសួរ ត្រូវមានសំអាងហេតុ និងត្រូវជូនដំណឹងអំពីការបិទការស៊ើបសួរដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងរយៈពេលខ្លីបំផុត ដើម្បីអ្នកពាក់ព័ន្ធបានជ្រាបព័ត៌មានអំពីដីកាដំណោះស្រាយនេះ។

ក្នុងករណីដែលសំណុំរឿងស៊ើបសួរពាក់ព័ន្ធនឹងអង្គហេតុច្រើន ចៅក្រមស៊ើបសួរអាចចេញដីកាដំណោះស្រាយចំពោះអង្គហេតុដែលការស៊ើបសួរបានចប់សព្វគ្រប់ និងបន្តការស៊ើបសួរចំពោះអង្គហេតុផ្សេងទៀតបាន។ ចៅក្រមស៊ើបសួរក៏អាចចេញដីកាលើកលែងចោទប្រកាន់ ចំពោះជនត្រូវចោទដែលបានស៊ើបសួររកឃើញថា មិនមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ឬការចូលរួមប្រព្រឹត្តបទល្មើស និងធ្វើការស៊ើបសួររកអត្តសញ្ញាណជនល្មើសបន្តទៀតបាន។

ដីកាដំណោះស្រាយ មានអានុភាពបញ្ចប់ការឃុំខ្លួនបណ្ដោះអាសន្ន ប៉ុន្ដែចៅក្រមស៊ើបសួរ អាចរក្សាជនត្រូវចោទឱ្យនៅជាប់ឃុំជាបណ្ដោះអាសន្ន រហូតដល់ពេលចូលបង្ហាញខ្លួននៅចំពោះមុខតុលាការជំនុំជម្រះ តាមសេចក្ដីសម្រេចដោយទ្បែកនៃដីកាដំណោះស្រាយ ដោយសេចក្ដីសម្រេចរក្សាទុកជនត្រូវចោទក្នុងឃុំជាបណ្ដោះអាសន្នលែងមានអានុភាពក្នុងរយៈពេល ០៤ ខែ ហើយប្រសិនបើជនត្រូវចោទមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងរយៈពេលខាងលើនេះទេ ជនត្រូវចោទត្រូវដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដោយឯកឯង។ មិនតែប៉ុណ្ណោះ ដីកាដំណោះស្រាយ ក៏មានអានុភាពបញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ ប៉ុន្ដែតាមសេចក្ដីសម្រេចដោយឡែកនៃដីកាដំណោះស្រាយ ចៅក្រមស៊ើបសួរអាចរក្សាទុកជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រហូតដល់ពេលបង្ហាញខ្លួននៅចំពោះមុខតុលាការ។

សរុបសេចក្ដីមក ដីកាដំណោះស្រាយ គឺជាដីកាមួយដែលចៅក្រមស៊ើបសួរចេញដើម្បីបិទការស៊ើបសួរ ដែលអាចជាដីកាបញ្ជូនជនត្រូវចោទទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់ ចំពោះបទល្មើសណាមួយ ហើយដីកាដំណោះស្រាយក៏មានអានុភាពបញ្ចប់ការឃុំខ្លួនជាបណ្ដោះអាសន្ន ឬការត្រួតពិនិត្យតាមផ្លូវតុលាការ ប៉ុន្ដែចៅក្រមស៊ើបសួរអាចរក្សាជនត្រូវចោទរហូតដល់បង្ហាញខ្លួននៅចំពោះមុខតុលាការជំនុំជម្រះផងដែរ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ថន រ៉ាវ៉ាឌី សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕