(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Real Madrid ត្រូវបានប្រកាសម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះតែម្តង នៅពេលអតីតជើងឯកចាស់ FC Barcelona ប្រកួតចាញ់ម្ចាស់ផ្ទះ Girona នៅរាត្រីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជាមូយគ្នានោះដែរ លោក Carlo Ancelotti បានក្លាយជាគ្រូបង្វឹកតែម្នាក់គត់ ដែលបានដឹកនាំក្លិបឈ្នះពានលីគ រាល់ពេលដឹកនាំក្លិបអាជីពនានានៅបណ្តាប្រទេសអេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ បារាំង និងអង់គ្លេសទៀតផង។

នេះក៏ជាកំណត់ត្រាឈ្នះពាន La Liga គម្រប់លើកពី៣៦ របស់អធិរាជស Real Madrid ផងដែរ នៅពេលអតីតជើងរដូវកាលឆ្នាំ២០២២-២០២៣ Barcelona បានរងបរាជ័យនៅក្នុងផ្ទះរបស់ Girona ៤ទល់នឹង២ ធ្លាក់មកឈរលេខ៣ ក្នុងតារាងវិញ ជាមួយនឹង ៧៣ពិន្ទុ ហើយក្រុមឈ្នះ Girona ឡើងមកឈរលេខ២ ដោយមាន ៧៤ពិន្ទុ ដោយចាញ់ប្រៀបក្រុមកំពូលតារាង Real រហូតដល់ ១៣ពិន្ទុ ដ្បិតនៅសល់ ២ប្រកួត ដើម្បីបិទរដូវកាលនេះដូចគ្នា។

ជាមួយគ្នានោះ ក្រុមដែលកំពុងដឹកនាំដោយបុរសសញ្ជាតិអ៊ីតាលី Ancelotti ក៏បានបំបាក់ Cadiz ៣-០ ដែរនៅក្បាលព្រលប់ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ ដែលទាមទារឱ្យក្រុមខ្លាំងប្រចាំតំបន់ Catalan ត្រូវការជ័យជម្នះដាច់ខាតនៅកីឡដ្ឋាន Estadi Montilivi តែបែរជាចាញ់ស្ពឹកមុខទៅវិញ៕