(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា បានដណ្ដើមមេដាយ ៥គ្រឿងជូនជាតិនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួមកាលពីចុងសប្ដាហ៍កន្លងទៅ។

យោងតាមមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឲ្យដឹងថា ក្រុមប្រតិភូកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតហើយ ក្រោយដំណើរការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ដែលមានអត្តពលិកចូលរួមប្រមាណ ១,៥០០នាក់ មកពី ៣១ប្រទេសក្នុងទ្វីបអាស៊ី។

ជាលទ្ធផលការប្រកួតក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង លើវិញ្ញាសា Adults Ju-Jitsu Dou Men, Adults Ju-Jitsu Duo Open និងវិញ្ញាសា Adults Ju-Jitsu Show Open ដែលដណ្ដើមបានដោយកីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា ដូចគ្នា។ វិញ្ញាសា Adults Ju-Jitsu Show Mixed ដណ្ដើមបានដោយកីឡាករ ទូច ពីរកក្កដា និងកីឡាការិនី ហេង ស៊ីវហ៊ាង និងវិញ្ញាសា Adults Ju-Jitsu Show Women ដណ្ដើមបានដោយកីឡាការិនី ទឹន សុវណ្ណ បួរកែវ និង ហេង ស៊ីវហ៊ាង។

គួរដឹងថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូកីឡា ៨រូបប៉ុណ្ណោះ ចូលរួមប្រកួតព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីខាងលើ ក្នុងនោះមានកីឡាករ ៣រូប និងកីឡាការិនី ២រូប ក្រោមការដឹកនាំរបស់លោក Jasper Pass ជាគ្រូបង្វឹក និងលោក Oliver Robert King ជាគ្រូជំនួយ ព្រមទាំងមន្ដ្រីបច្ចេកទេសម្នាក់។ នេះគឺជាការប្រកួតមួយដ៏សំខាន់ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិកកម្ពុជា ក្រោយចប់ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម លើកទី៣៣ នៅថៃនាឆ្នាំ២០២៥ ខាងមុខ៕