(ភ្នំពេញ)៖ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោក ហ្សែដ ស្យាតារា (Ziad Shatara) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រព្រឹត្តិឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីបង្ហាញពីតួនាទីរបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស (FDI) គំរូនៃប្រទេសកម្ពុជា។

ជំនួបនេះ បានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ដែលបានឈានមុខគេក្នុងការពន្លឿនការរីកចម្រើន នៃវិស័យទូរគមនាគមន៍ និងផ្ដល់ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បុគ្គល និងសហគ្រាស។

លើសពីនេះទៅទៀត លោក ហ្សែដ ក៏បានឆ្លៀតឱកាសនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់ Smart លើផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល ព្រមទាំងការដឹកនាំគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការងាររួមចំណែកទំនួលខុសត្រូវសង្គម (CSR) យ៉ាងសកម្ម ដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។

គួរបញ្ជាក់ផងដែរថា Smart ជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសមួយយ៉ាងសំខាន់ ដែលបានចូលរួមយ៉ាងសកម្ម លើការពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ និងជាក្រុមហ៊ុនដែលទទួលបាន កម្រិតអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ការចូលរួមបង់សារពើពន្ធបានត្រឹមត្រូវ។

ក្នុងរយៈពេលពីរទស្សវត្សន៍នេះ Smart បានចូលរួមបណ្ដាក់ទុនប្រមាណលើសពី៧០លានដុល្លារក្នុងមួយឆ្នាំៗ ហើយការបណ្ដាក់ទុនយ៉ាងសកម្មនេះ ជាសញ្ញាបង្ហាញពីការជឿជាក់របស់ Smart មកលើសក្តានុពលនៃប្រទេសកម្ពុជា និងការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរវិជ្ជមាន ក្នុងប្រទេសជាបន្ត។

ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន Smart បានពង្រឹងតួនាទីរបស់ខ្លួន ជាកម្លាំងចលករដែលរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាដោយបណ្ដាក់ទុនវិនិយោគ៧៥លានដុល្លារ និងបង្កើតឱកាសការងារ សម្រាប់ប្រជាជនក្នុងស្រុក និងសហគមន៍មូលដ្ឋានផងដែរ។

ការវិនិយោគនេះ មិនត្រឹមតែជម្រុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាយ៉ាងមុតមាំរបស់ Smart ដើម្បីបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនប្រកបដោយភាពរុងរឿងផងដែរ។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក ហ្សែដ បានបង្ហាញពីតួនាទីរបស់ Smart ក្នុងការដឹកនាំចលនាអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងគូសបញ្ជាក់ពីការ រួមចំណែកតាមរយៈការបង់ពន្ធប្រកបដោយទំនួលខុសត្រូវ។

ដើម្បីបន្តលើកស្ទួយការបង្កើតថ្មី និងវឌ្ឍនភាព Smart ក៏បានឧបត្ថម្ភ១% នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួន ទៅមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRDF)។

លើសពីនេះទៀត ២% នៃប្រាក់ចំណូលនឹងត្រូវផ្ដល់ទៅកាន់មូលនិធិកាតព្វកិច្ចសកល (USOF)។ ការរួមចំណែកទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងវិស័យទូរគមនាគមន៍ និងជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្កើតថ្មី កាន់តែប្រសើរនៅប្រទេសកម្ពុជា។

ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ក៏មិនមែនជាអ្វីថ្មីសម្រាប់ Smart ដែរ ខណៈដែលក្រុមហ៊ុននេះ តែងបង្ហាញឲ្យឃើញ ពីការប្រកាន់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) យ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីឆ្នាំដំបូងៗ នៃប្រតិបត្តិការរបស់ខ្លួន។

Smart ក៏ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេ ដែលបានបោះពុម្ពផ្សាយរបាយការណ៍និរន្តរភាពប្រចាំឆ្នាំផងដែរ។ ការប្រកាន់ខ្ជាប់នូវនិរន្តរភាពនេះ ជាគំរូមិនអាចមើលរំលងបាន សម្រាប់ក្រុមហ៊ុនដទៃៗទៀត ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។

សម្រាប់ចក្ខុវិស័យក្នុងពេលអនាគត Smart Axiata នឹងនៅតែបន្តយកចិត្តទុកដាក់ លើការចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងស្រុក និងប្តេជ្ញាបន្តឈរជើង ជាក្រុមហ៊ុនវិនិយោគផ្ទាល់ ពីបរទេសគំរូនៅក្នុងប្រទេសកម្ពុជា។ តាមរយៈបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគឈ្លាសវៃ Smart នឹងនៅតែជាផ្នែកមួយ មិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចជាតិ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា៕