(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរវ័យក្មេង ៤រូប មានកីឡាករ មាស ប៊ុនថេន, ផន លីហួរ, រិទ្ធី សូសែន និង សេក គឹមសាន្ដ ត្រូវបានជ្រើសរើសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១១ លើសង្វៀនបាយ័ន ជាមួយកីឡាករថៃ ៤រូបទៀត។ មន្ដ្រីសហព័ន្ធ និងអ្នករៀបចំ បានបង្ហាញការគាំទ្រ ចំពោះការផ្ដល់ឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ដល់អ្នកលេងគុនខ្មែររលកក្រោយនេះ ដើម្បីពង្រឹងសមត្ថភាពធនធានបន្ដវេនកាន់តែល្អប្រសើរ។

លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំសង្វៀនខាងលើ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បើកការប្រកួត កាលពីល្ងាចថ្ងៃទី០៥ ខែឧសភាថា នេះគឺជារជ្ជកាលថ្មី ដែលស្ថានីយ៍ទូរទស្សន៍បាយ័ន និងក្រុមហ៊ុនដៃ បានផ្ដល់ឱកាសដល់អ្នកលេងគុនខ្មែរវ័យក្មេង បានបង្ហាញសមត្ថភាពក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ និងជំរុញពួកគេឲ្យកាន់តែខិតខំប្រឹងប្រែង ដើម្បីក្លាយជាធនធានបន្ដវេនគុនខ្មែរដ៏មានសក្ដានុពលនាថ្ងៃអនាគត។

លោកបន្ដថា ក្នុងចំណោមកីឡាករកម្ពុជាទាំង ៤រូបឲ មិនមានជាប់ពាក់ព័ន្ធនឹងមន្ដ្រីបច្ចេកទេសកាត់សេចក្ដីនោះទេ បន្ទាប់ពីមានការកែទម្រង់។ ហេតុនេះ ពួកគេមានភាពឯករាជ្យក្នុងការប្រកួតលើសង្វៀន ខណៈអាជ្ញាកណ្ដាល-ចៅក្រម ក៏គ្មានសម្ពាធក្នុងការកាត់សេចក្ដីដែរ។ យ៉ាងណាលោកបានសំណូមពរថ្នាក់ដឹកនាំសហព័ន្ធ មេត្ដាត្រួតពិនិត្យឲ្យបានម៉ត់ចត់លើការងារមន្ដ្រីបច្ចេកទេសរបស់ខ្លួន ដើម្បីធានាបាននូវតម្លាភាព និងយុត្ដិធម៌ក្នុងការកាត់សេចក្ដី។

ជាមួយគ្នានោះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការគាំទ្រ ចំពោះការរៀបចំនូវកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់ ទោះបីប្រើរូបមន្ដវិលជុំ ឬប្រើពេលយូរ ដើម្បីកំណត់កីឡាករជើងឯកក្ដី។ ជាពិសេស ការផ្ដល់ឱកាសដល់កីឡាករវ័យក្មេងបានចូលរួម គឺជារឿងដ៏ល្អ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករជំនាន់ថ្មី តាមរយៈការប្រកួតខ្សែក្រវាត់អន្ដរជាតិ ទោះបីកីឡាករបរទេស មកពីថៃ ឬមកពីប្រទេសណាក៏ដោយ។

គួរដឹងថា ក្នុងចំណោមបេក្ខភាពដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១១ លើប្រភេទទម្ងន់ ៦០គីឡូក្រាមខាងលើ គឺបែងចែកជា ២ពូល ក្នុងនោះកីឡាករកម្ពុជា ស្ថិតនៅពូលA ហើយកីឡាករថៃ រួមមាន Army Tor.Silachai, Petchsowath FA Group, Buakeo Sor.Sor Pakorn និងកីឡាករ Sensakngern Site Hormklai ស្ថិតនៅពូល B ដើម្បីធ្វើការប្រកួតខ្វែងពូលគ្នា ហើយចម្រាញ់យកកីឡាករមានពិន្ទុខ្ពស់ជាងគេ ៤រូបឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។

ចំពោះការប្រកួតនេះដែរ គ្រោងប្រើពេលជាង ៣ខែ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ ចំពោះកីឡាករជយលាភី លេខ១ នឹងទទួលបានខ្សែក្រវាត់ អមប្រាក់រង្វាន់ ៦ពាន់ដុល្លារ, លេខ២ ទទួលបានប្រាក់រង្វាន់ ៣,៥០០ដុល្លារ, លេខ៣ ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ និងលេខ៤ ទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារផងដែរ៕