(ឡុងដ៍)៖ អាជ្ញាកណ្តាល Jarred Gillett បានពាក់កាមេរ៉ាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រលីគ Premier League អំឡុងការប្រកួតរវាងក្លិប Crystal Palace ទល់នឹង Manchester United នាយប់មិញ។ នេះបើយោងតាមការបញ្ជាក់ពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

កាលពីឆ្នាំមុនសមាគមបាល់ទាត់អង់គ្លេស FA បានប្រកាសថា ពួកគេនឹងសាកល្បងកាមេរ៉ាពាក់ជាប់នៅអាជ្ញាកណ្តាលក្នុងលីគកម្រិតមូលដ្ឋាន នៅប្រទេសអង់គ្លេស ក្នុងគោលបំណងដើម្បីបញ្ជាក់ថា តើបច្ចេកវិទ្យានេះ អាចជួយកែលម្អឥរិយាបថអ្នកចូលរួម និងការគោរពចំពោះអាជ្ញាកណ្តាល ដែរឬយ៉ាងណា?

ដោយឡែក លីគ Bundesliga របស់អាល្លឺម៉ង់វិញ ក៏ធ្លាប់បានប្រើប្រាស់កាមេរ៉ាអាជ្ញាកណ្តាល «RefCam» ជាលើកដំបូងផងដែរ អំឡុងការប្រកួតលទ្ធផលស្មើ ២-២ រវាងក្លិប Eintracht Frankfurt និង VfL Wolfsburg កាលពីខែកុម្ភៈ។

«អ្នកគាំទ្រអាចមើលឃើញកាមេរ៉ានៅជាប់អាជ្ញាកណ្តាលនៅចុងឆ្នាំនេះ ខណៈវាជាផ្នែកមួយនៃកម្មវិធីដែលផលិតឡើងដោយ Premier League Productions ក្នុងគោលបំណងផ្តល់ការអប់រំ និងការយល់ដឹងបន្ថែមទៀត ចំពោះតម្រូវការនៃការចង់ធ្វើជាមន្ត្រី Premier League»។ នេះបើតាមលីគបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

«បច្ចេកវិទ្យានេះមានឧបករណ៍ពាក់នៅក្បាល ដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងរបស់អាជ្ញាកណ្តាលជាធម្មតា»

លីគ Premeir League បន្ថែមថា «វាគឺជាការបំពាក់កាមេរ៉ាតែម្តងគត់ សម្រាប់គោលបំណងផ្តល់ការអប់រំ ដែលត្រូវបានអនុម័តដោយ International Football Association Board, លីគ Premier League, Professional Game Match Officials Limited និងក្លិបទាំងពីរ។ យើងសូមថ្លែងអំណរគុណ ចំពោះក្លិប Crystal Palace និង Manchester United សម្រាប់ការគាំទ្ររបស់ពួកគេលើគម្រោងនេះ»៕