(បរទេស)៖ ថ្មីៗនេះលោក Ross Young ដែលជាអ្នកវិភាគផ្នែកអេក្រង់ស្មាតហ្វូន បានបង្ហោះនៅលើបណ្តាញសង្គម X ដោយអះអាងថា មុខងារ Face ID បង្កប់ក្រោមអេក្រង់ (under-screen Face ID) ដែល Apple គ្រោងបំពាក់លើ iPhone 17 Pro និង iPhone 17 Pro Max ឥឡូវនេះនឹងត្រូវពន្យាពេលមួយឆ្នាំបន្ថែមទៀត រហូតដល់ iPhone 18 Pro និង 18 Pro Max ឯណោះ ទើបមានវត្តមាន។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។

យោងតាមពាក្យចាមអារ៉ាមកន្លងមក ធ្លាប់បានព្យាករណ៍ថា iPhone 17 Pro/ Pro Max ឆ្នាំ២០២៥ និងក្លាយជា iPhone ដំបូងគេដែលបំពាក់ដោយមុខងារ Face ID បង្កប់ក្រោមអេក្រង់ជំនួសដោយស្នាម Notch នៅលើអេក្រង់។ តែយ៉ាងណា បើយោងតាមលោក Young នាពេលថ្មីៗនេះ បានបញ្ជាក់ច្បាស់ៗថា នឹងមិនចេញមកនោះទេ។

នេះមានន័យថា iPhone 18 Pro/ Pro Max ឆ្នាំ២០២៦ នឹងក្លាយជា iPhone ដំបូងគេដែលមាន Face ID ក្រោមអេក្រង់ ប៉ុន្តែចំពោះ iPhone 18 ម៉ូដែលធម្មតានឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៧ ឯណោះទើបទទួលបានមុខងារនេះ។

យ៉ាងណាមិញ ជុំវិញការពន្យារពេលនេះ ត្រូវប្រភពឱ្យដឹងថា ដោយសារតែភាពស្មុគស្មាញក្នុងការអនុវត្តបច្ចេកវិទ្យា Face ID ក្រោមអេក្រង់ ដែលអាចធ្វើឱ្យខូចសមត្ថភាពផ្ទៀងផ្ទាត់ និងគុណភាពរូបភាពរបស់កាមេរ៉ាខាងមុខ ខណៈការមេរ៉ាក៏ត្រូវបានបង្កប់ក្រោមអេក្រង់ផងដែល ហើយចំពោះស្នាម Notch នឹងត្រូវបានលុបបំបាត់៕