(ប៉ារីស)៖ លោក Luis Enrique អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Paris Saint Germain បានផ្តោតអារម្មណ៍ក្នុងការយកឈ្នះ Borussia Dortmund ក្នុងជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ថ្លែងក្នុងសន្និសីទ មុនការប្រកួតនៅរាត្រីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក Enrique បានបញ្ជាក់ថា «ការប្រកួតនៅយប់នេះ ដាច់ខាតត្រូវតែឈ្នះ។ គោលបំណងមិនត្រឹមតែ ២គ្រាប់នោះទេ។ តែយ៉ាងណា ប្រសិនបើអ្នកដាក់គោលដៅយក ២គ្រាប់ វាហាក់ដូចជាគោលដៅដ៏ធំណាស់»

លោកបានបន្ថែមថា «ពួកយើងចង់លេង និងរកបានគ្រាប់បាល់។ ប្រសិនបើយើងរកបានគ្រាប់បាល់នៅនាទី៨៩ ចុងម៉ោង នោះពួកយើងនឹងត្រូវលេងម៉ោងថែម ដោយពួកយើងមិនចង់បានបែបនេះទេ ពោលគឺពួកយើងគ្រាន់តែចង់ឈ្នះការប្រកួតនេះតែប៉ុណ្ណោះ»

នៅចាំបានថា កាលពីជើងទី១ នៅទឹកដីអាល្លឺម៉ង់ ក្រុមជើងឯកបារាំង PSG បានបរាជ័យក្នុងផ្ទះ Dortmund ១ទល់នឹង០ កាលពីសប្តាហ៍មុន ដែលទាមទារឱ្យពួកគេរកឱ្យបានចាប់ពី ២គ្រាប់ជ័យជម្នះឡើងទៅផងដែរ ប្រសិនបើមិនចង់លេងថែមម៉ោង ១៥នាទី ២ដង និងវគ្គទាត់បាល់ប៉េណាល់ទីផងនោះ គ្រាដែលបុរសសញ្ជាតិអេស្ប៉ាញ Enrique បានដាក់គោលដៅលេងត្រឹមតែ ៩០នាទីសម្រាប់ជើងទី២ នៅកីឡដ្ឋាន Parc des Princes។

លោក Luis Enrique បានឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ចុងក្រោយកាលដឹកនាំ FC Barcelona នារដូវកាលឆ្នាំ២០១៤-២០១៥៕