(ភ្នំពេញ)៖ តារាសម្ដែងលោក ស៊ិនឌី បានបង្ហាញនូវការលើកទឹកចិត្ត និងសរសើរចពោះស្នាដៃក្រុមភេទទី៣កាន់តែច្រើន ដែលមានជំនាញច្បាស់លាស់ ក្នុងការចាប់អាជីពចិញ្ចឹមជីវិតរស់នៅក្នុងសង្គម ដែលអាជីវកម្មខ្លះគឺភេទទី៣ ជាអ្នកបង្ហាញពីភាពលេចធ្លោនាពេលបច្ចុប្បន្ន។ ការលើកឡើងរបស់លោក ស៊ិនឌី គឺក្រោយពីលោកបានទៅទស្សនាដោយផ្ទាល់ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រលងបវរកញ្ញាភេទទី៣កម្ពុជា ឆ្នាំ២០២៤ (Miss Queen Cambodia 2024) កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ហើយជាលទ្ធផលកញ្ញា នៀក នៀក សម មកពីខេត្តរតនគិរី គ្រងមកុដ «Grand Winner Miss Queen Cambodia 2024» ត្រៀមទៅប្រកួត «Miss Star International 2024» នៅប្រទេសប្រេស៊ីល នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

ស្របពេលដែល «Winner Miss Queen 2024» គឺបានទៅលើកញ្ញា ហានី មកពីខេត្តកំពត ហើយត្រៀមទៅប្រកួត Miss Queen 2024 នៅប្រទេសថៃ នាពេលដ៏ខ្លីខាងមុខ។ ចំណែកលំដាប់រងទី១ បានទៅលើបវរកញ្ញាមកពីខេត្តតាកែវ, លំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីខេត្តកំពង់ធំ, លំដាប់រងទី៣ បានទៅលើបវរកញ្ញាមកពីខេត្តព្រៃវែង, លំដាប់រងទី៤ បានទៅលើបវរកញ្ញាមកពីខេត្តពោធិ៍សាត់ និងលំដាប់រងទី៥ បានទៅលើបវរកញ្ញាមកពីខេត្តក្រចេះ។

លោក ស៊ិនឌី ថ្លែងថា «ខ្ញុំឃើញប្អូនៗជំនាន់ក្រោយ (ភេទទី៣) ដែលគាត់មានការងារធ្វើត្រឹមត្រូវ មានមុខរបរច្បាស់លាស់ ដែលមានទាំងភាពទាន់សម័យដូចជាការឌីហ្សាញ ធ្វើជាគ្រូដឹកនាំគេ បង្ហាត់បង្ហាញម៉ូដ ផាត់មុខ, ធ្វើសក់, សាឡន, កែសម្ផស្ស និងវិស្វករជាដើម ក៏មានភេទទី៣មួយចំនួនកាន់ជំនាញនេះផងដែរ។ ខ្ញុំពេញចិត្តដែលពួកគាត់កាន់តែលេចធ្លោច្រើន ក្នុងអាជីវកម្មធំៗក្នុងសង្គម ពួកគាត់បានបង្ហាញពីស្នាដៃ»

ដោយមើលឃើញពីសមត្ថភាពដ៏ប៉ិនប្រសព្វ ជាមួយចំណេះ ដឹងជំនាញច្បាស់លាស់មិនធម្មតា និងភាពក្លាហានរបស់ភេទទី៣ ដែលអាចធ្វើបានដើម្បីឲ្យសង្គមទទួលស្គាល់នេះហើយ ទើបលោក ស៊ិនឌី បានស្ញើចសរសើរពួកគេ និងជម្រុញឲ្យពួកគេតស៊ូក្នុងជីវិតតទៅទៀត ព្រោះមិនថាភេទទី៣ ឬមិនថាជាភេទអ្វីទេ យើងត្រូវតែមានជំនាញច្បាស់លាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅដោយថ្លៃថ្នូរ។ ប៉ុន្ដែលោក ស៊ិនឌី ទទួលស្គាល់ថា អ្នកខ្លះនៅមិនទាន់អាចសម្របខ្លួនទទួលស្គាល់ភេទទី៣ ឬហៅថា «សុទ្ធ» នៅឡើយទេ គឺនៅមានការរើសអើង។ ភេទទី៣ មិនមែនជាមនុស្សខុសធម្មជាតិទេ គឺរស់នៅដោយសប្បាយចិត្តតាមប្រភេទជីវិតរបស់ពួកគេ។

គួរបញ្ជាក់ថា លោកស៊ិនឌី ធ្លាប់ធ្វើកម្មវិធីសប្បុរសធម៌ជាមួយភេទទី៣ ជាបន្ដបន្ទាប់និងរហូតមកដល់បច្ចុប្បន្ន គ្រាន់តែលោកមិនសូវបង្ហាញតាមបណ្ដាញសង្គមប៉ុណ្ណោះ។ លោក ស៊ិនឌី ជាម្ចាស់ហាងស៊ិនឌី សំអាងការ, ហាង Nk សាឡន និងហាងកែសម្ផស្សក្លារា (Clara Clinic) ជាដើម ទើបធ្វើឲ្យលោកមមាញឹកខ្លាំងលើមុខជំនួញ ត្រូវផ្អាកពីអាជីពសម្ដែងជាច្រើនឆ្នាំ ដើម្បីគ្រប់គ្រងអាជីវកម្មខាងលើ ប៉ុន្ដែលោកនៅតែស្រលាញ់សិល្បៈ នឹងអាចវិលមកវិញនៅពេលវេលាសមស្របណាមួយ៕