(សៀមរាប)៖ នាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេនក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ ស្ថិតក្រោមអធិបតីភាពលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូបជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។

លោក ឡុង កុសល បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារ និងអ្នកគ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា ធ្វើយ៉ាងណាធានាបាននូវកិច្ចការពារ ការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរា បានជំរុញណែនាំឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមនូវចំណេះដឹង ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារថែរក្សា និងគ្រប់គ្រងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាពល្អថែមទៀត។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេនក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧-១៣ ខែឧសភា ឆ្នាំ២០២៤៕