(ក្រុងឡុងដ៍)៖ Kyren Wilson បានរំភើបរហូតដល់ស្រក់ទឹកភ្នែក នៅពេលក្លាយជាជើងឯកស្នូកឃើពិភពលោក ប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃនេះ។

នេះក៏ជាលើកទី១ ប្រវត្តិសាស្រ្តផងដែរដែល Wilson បានស្គាល់រសជាតិពាន World Snooker Championship នេះ ក្រោយវិវត្តន៍ក្លាយជាកីឡាករស្នូកឃើអាជីពតាំងពីមានវ័យ ៦ឆ្នាំមក។

Wilson បានយកឈ្នះគូប្រកួត Jak Jones ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១៨ ទល់នឹង ១៤ នៅទីលាន Crucible Theatre ដែលស្ថិតក្នុងទីក្រុង Sheffield ប្រទេសអង់គ្លេសកាលពីរាត្រីថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលបានជ័យជម្នះ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានថ្លែងថា «ខ្ញុំចង់និយាយពាក្យសុំទោសទៅកាន់ Jak ដែលខ្ញុំទទួលបានជ័យជម្នះលើកនេះ។ ឪពុកម្តាយខ្ញុំបានពុះពារលំបាកគ្រប់យ៉ាង ដើម្បីជួយជំរុញខ្ញុំមកដល់ទីនេះ ដើម្បីសម្រេចក្តីសុបិន។ វាពិតជាពេលវេលាដ៏ល្អមួយ ដែលមានឪពុកម្តាយមកចូលរួមលើកទឹកចិត្តផ្ទាល់នៅទីនេះ ដែលពួកយើងបានដៅទុកតាំងពីខ្ញុំមានអាយុទើបតែ ៦ឆ្នាំមកម្ល៉េះ»។

លោកបានបន្ថែមថា «ខ្ញុំបានលះបង់គ្រប់យ៉ាង ដាក់ទាំងកាយទាំងចិត្ត ដើម្បីយកឈ្នះ Jak។ ខ្ញុំពិតជាមានការលំបាកខ្លាំងណាស់»៕