(បរទេស)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឱ្យដឹងនៅដើមសប្តាហ៍នេះថា ប្រទសបារាំងបើកចំហរ រង់ចាំស្វាគមន៍វត្តមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD ប្រសិនបើក្រុមហ៊ុននេះ សម្រេចចិត្តចង់បើករោងចក្រនៅលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Le Maire បានបញ្ជាក់ថា៖ «ប្រទេសបារាំងស្វាគមន៍រាល់គម្រោងឧស្សាហកម្មរបស់ក្រុមហ៊ុន BYD និងឧស្សាហកម្មរថយន្តរបស់ចិន គឺស្វាគមន៍យ៉ាងខ្លាំងនៅប្រទេសបារាំង»។ Le Maire បានធ្វើការកត់សម្គាល់ទាំងនេះនៅក្នុងកិច្ចប្រជុំជាមួយនាយកប្រតិបត្តិផ្នែករថយន្ត ដែលជាសញ្ញាបង្ហាញពីការបើកចំហរបស់ប្រទេសបារាំង ចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ដែលកំពុងមានសក្តានុពល ក្នុងការបើករោងចក្រនៅក្នុងប្រទេស។

ការអញ្ជើញនេះ ធ្វើឡើងនៅពេលដែលប្រធានាធិបតីចិនលោក Xi Jinping កំពុងបំពេញទស្សនកិច្ចរដ្ឋដ៏កម្រមួយទៅកាន់ទីក្រុងប៉ារីស ហើយចំពេលមានការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើការឧបត្ថម្ភធនដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន។

គួរជម្រាបថា លោក Le Maire បានសង្កត់ធ្ងន់ថា ការកសាងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសបារាំង គឺចាំបាច់សម្រាប់ឯករាជ្យភាពរបស់ប្រទេស ពីក្រុមហ៊ុនផលិតប្រេង និងអ្នកនាំចេញរថយន្តធំៗ។ រដ្ឋាភិបាលបារាំង បានកំណត់គោលដៅសម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេស ដើម្បីផលិតរថយន្តអគ្គិសនី ឬរថយន្តកូនកាត់ចំនួន ២លានគ្រឿងនៅចុងទសវត្សរ៍នេះ៕