(រីយ៉ូឌឺជេនីរ៉ូ)៖ ខ្សែការពារកណ្តាលរបស់ក្លិបតោខៀវ Chelsea កីឡាករ Thiago Silva នឹងវិលត្រឡប់ទៅលេងឱ្យក្លិបនៅស្រុកកំណើតលោកវិញ Fluminese នៅពេលចប់រដូវកាលនេះ។ នេះបើយោងតាមក្លិបលេងនៅលីគ Brazilian Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

Silva ដែលបានប្រកាសពីខែមុនថា លោកនឹងចាកចេញពី Chelsea បន្ទាប់ពីរួមរស់ ៤ឆ្នាំជាមួយក្លិបនោះ បានចាប់ផ្តើមអាជីពកីឡាករយុវជនរបស់លោក នៅឯក្លិប Fluminese ស្ថិតនៅទីក្រុង Rio de Janeiro កាលឆ្នាំ១៩៩៨។ លោកក៏ធ្លាប់បានវិលត្រឡប់ទៅលេងឱ្យ Fluminese ម្តងរួចទៅហើយផងដែរ ក្នុងរយៈពេល ៣ឆ្នាំ មុនពេលចូលរួមជាមួយក្លិប AC Milan ក្នុងឆ្នាំ២០០៩។

«ខ្ញុំត្រឡប់មកផ្ទះវិញហើយ»។ Silva បានលើកឡើងក្នុងការបង្ហោះលើ Instagram។

Silva វ័យ ៣៩ឆ្នាំ ធ្លាប់ទទួលការកោះហៅ ១១៣លើកលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល និងជាផ្នែកមួយនៃក្រុម ដែលបានដណ្តើមពានរង្វាន់ Ligue 1 ចំនួន ៧លើក ជាមួយក្លិប Paris Saint Germain មុនពេលចូលរួមជាមួយ Chelsea ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ Champions League ក្នុងការបង្ហាញខ្លួននារដូវកាលដំបូងរបស់លោក។

«កីឡាកររូបនេះនឹងមកដល់ទីក្រុង Rio de Janeiro ដើម្បីចូលរួមជាមួយក្រុម ដែលដឹកនាំដោយគ្រូបង្វឹក Fernando Diniz ក្នុងពេលវេលាប្រមាណ ១ខែខាងមុខ», ក្លិប Fluminese បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

Silva មិនអាចចូលប្រកួតបាននោះទេ សម្រាប់ក្លិប រហូតដល់ថ្ងៃទី១០ ខែកក្កដា, នៅពេលដែលទីផ្សារដោះដូរអន្តរជាតិ បានបើក។

សូមជម្រាបថា Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង​ Premier League នោះ នៅសល់ ៣ប្រកួតទៀតក្នុងរដូវកាលនេះ៕