(បរទេស)៖ ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេ ByteDance បានប្តឹងនៅតុលាការសហព័ន្ធសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដើម្បីស្វែងរកការទប់ស្កាត់ច្បាប់ ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Joe Biden ដែលនឹងបង្ខំឱ្យលុបចោលកម្មវិធី TikTok ដែលមានជនជាតិអាមេរិកកំពុងប្រើប្រាស់ចំនួន ១៧០លាននាក់ ឬហាមឃាត់ការប្រើកម្មវិធីនេះនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុនទាំងនោះ បានដាក់ពាក្យបណ្តឹងរបស់ពួកគេនៅក្នុងសាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក ដោយលើកហេតុផលថាច្បាប់នេះបានរំលោភលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដោយហេតុផលមួយចំនួនរួមទាំងការប្រព្រឹត្តកំហុសលើការការពារសិទ្ធិនិយាយដោយសេរីនៃវិសោធនកម្មលើកទីមួយ ខណៈដែលច្បាប់នេះត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Biden កាលពីថ្ងៃទី ២៤ខែមេសាកន្លងទៅ ដោយផ្តល់ឱ្យ ByteDance រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលក់ TikTok ឬប្រឈមនឹងការហាមឃាត់។

ក្រុមហ៊ុន ByteDance បាននិយាយនៅក្នុងពាក្យបណ្ដឹងថា៖ «នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលសភាបានអនុម័តច្បាប់មួយ ក្រោមហេតុផលតែមួយក្នុងការហាមប្រាមទូទាំងប្រទេសជាអចិន្ត្រៃយ៍»

ពាក្យបណ្ដឹងបាននិយាយថា ការដកខ្លួនចេញគឺមិនអាចទៅរួចទេ វាមិនមែនជារឿងពាណិជ្ជកម្ម មិនមែនបច្ចេកវិទ្យា តែច្បាប់នេះនឹងបង្ខំឱ្យបិទ TikTok ត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ដោយបំបិទមាត់ប្រជាជនអាមេរិកចំនួន ១៧០លាននាក់។

ដើមហេតុដែលនាំឱ្យមានការចេញច្បាប់នេះ គឺដោយសារតែសហរដ្ឋអាមេរិក មានការព្រួយបារម្ភថា ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់នៅអាមេរិកឲ្យទៅរដ្ឋាភិបាលចិន ដែលវាអាចឈានដល់ការគំរាមកំហែងដល់សន្តិសុខជាតិ៕