(ប៉ារីស)៖ ក្រុមបាល់ទាត់ Borussia Dortmund បានឡើងទៅឈរចាំមុននៅកីឡដ្ឋាន Wembley ដើម្បីលេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 នៅពេលបន្តយកឈ្នះលើម្ចាស់ផ្ទះ Paris Saint Germain ក្នុងជើងទី២ ទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

សមាជិកលេងនៅពានលីគកំពូល Bundesliga របស់អាល្លឺម៉ង់មួយនេះ គឺរង់ចាំរវាងក្រុមឈ្នះ Real Madrid ឬក៏ Bayern Munich ដែលត្រូវលេងបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រាត្រីនេះ ដ្បិតកាលពីជើងទី១ ស្មើគ្នា ២-២។

នេះក៏ជាលើកទី២ ផងដែរដែល Dortmund បានវិលទៅកាន់ផ្តាច់ព្រ័ត្រពានអឺរ៉ុបនៅកីឡដ្ឋានជាតិអង់គ្លេស Wembley ជាទីដែលពួកគេធ្លាប់បានបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ក្រុមអាល្លឺម៉ង់ដូចគ្នាគឺ Bayern Munich នាផ្តាច់ព្រ័ត្រ UCL រដូវកាលឆ្នាំ២០១២-២០១៣។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ ខ្សែការពារកណ្តាល Mats Hummles ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៥០ ដែលជាការបញ្ជូនរបស់មិត្តរួមក្រុម Julian Brandt ដើម្បីយកឈ្នះក្រុមជើងឯកបារាំង PSG ២ទល់នឹង០ ក្នុងលទ្ធផលទាំង ២ជើង។

Dortmund បានកំពុងព្យាយាមលើកពានលំដាប់កំពូលអឺរ៉ុប UEFA Champions League ជាលើកទី២ គិតចាប់តាំងពីឆ្នាំ១៩៩៧ ជាពេលដែលពួកគេបានយកឈ្នះសេះបង្កង់ Juventus ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដ្បិតគូប្រជែងយប់មិញ PSG ពុំធ្លាប់ឈ្នះទេ បានត្រឹមរងជើងឯក ១លើកកាលឆ្នាំ២០២០ បន្ទាប់ពីចាញ់ក្រុមអាល្លឺម៉ង់ដូចគ្នា Bayern Munich ១-០ ពីក្នុងវគ្គដណ្តើមពាន៕