(ភ្នំពេញ)៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២ នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ខណៈពិធីបើកផ្លូវការ នឹងប្រារព្ធឡើងក្រោមអធិបតីតភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

នៅថ្ងៃទី០៨ ខែឧសភានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញនូវវីដេអូផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំនេះ ជាមួយការត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ប្រតិភូ និងកំពូលអ្នកគុននិយមជាង ១០០នាក់ មកពីជាង ២០ប្រទេស ដែលនឹងក្លាយជាវេទិការជួបជុំអ្នកគុននិយមដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ។

គួរដឹងថា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ថាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីថ្មីៗ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ការគាំទ្រ និងជំរុញឲ្យ NOCC សហការជាមួយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះអាស៊ី លើកទី២ ឲ្យបានជោគជ័យ ពិសេសលើការទទួលបដិសណ្ឋារកិច្ច ដើម្បីផ្ដល់នូវភាពកក់ក្ដៅដល់ប្រតិភូកីឡាទាំងអស់ ដែលនឹងអញ្ជើញចូលរួមការប្រកួតនៅកម្ពុជា ៕