(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសចេញ iPad Air 11 និង iPad Air 13 ថ្មី ព្រមទាំង iPad Pro 11 និង iPad Pro 13 នាយប់មិញនេះ តែយ៉ាងណាម៉ូដែលថ្មីៗទាំងនេះ ត្រូវបានអតិថិជនបញ្ជារទិញរួចហើយនៅក្នុងប្រទេសជាច្រើន ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ រាល់ការបញ្ជារទិញទាំង iPad Pro និង iPad Air ថ្មីរបស់ Apple នឹងមិនមានឆ្នាំងសាកឡើយ នៅសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GSM Arena នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ប្រសិនបើមានការបញ្ជារទិញថេប្លេតថ្មីមួយក្នុងចំណោមថេប្លេតទាំងនេះ នឹងមិនអាចទទួលបានឆ្នាំងសាកនៅក្នុងប្រអប់នោះទេ។ វាអាចនឹងភ្ញាក់ផ្អើលនៅពេលបានលឺដំណឹងនេះ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែល Apple សម្រេចចិត្តបែបនេះ សម្រាប់ថេប្លេតថ្មីរបស់ខ្លួន បើទោះបីជាទូរស័ព្ទ iPhone ត្រូវបានដឹកជញ្ជូនដោយគ្មានឆ្នាំងសាកនៅក្នុងប្រអប់អស់ជាច្រើនឆ្នាំមកនេះ។ ជាការប្រសើរណាស់ ប្រសិនបើយើងរស់នៅក្នុងសហភាពអឺរ៉ុប ឬចក្រភពអង់គ្លេស ប្រសិនបើយើងទិញថេប្លេត Apple ថ្មី នោះយើងនឹងទទួលបានដូចពេលយើង iPhone ថ្មីអីចឹង ពោលគឺយើងអាចប្រើជាមួយឆ្នាំងសាក USB-C ដែលមានស្រាប់។

ការសម្រេចចិត្តបែបនេះ មិនត្រូវបានក្រុមហ៊ុន Apple ប្រកាសឲ្យដឹងឡើយ ប៉ន្តែមានការលើកឡើងថា នេះជាយុទ្ធសាស្រ្តឈ្នះៗ ត្បិតថា Apple មិនចំណាយលុយច្រើន ដើម្បីធ្វើឆ្នាំងសាក និងមួយទៀត គឺគិតគូពីបរិស្ថាន៕