(សៀមរាប)៖ ក្រុមហ៊ុនខនហ្វីរេល (Confirel) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកសម្ពោធហាងថ្មី នៅខេត្តសៀមរាប ដើម្បីដាក់បង្ហាញនូវផលិតផលខ្មែរពិតៗ ដល់ភ្ញៀវទេសចរ ជាមួយនឹងម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ជាផលិតផលដ៏ពេញនិយម។ ក្រុមហ៊ុនខនហ្វីរេល បានជ្រើសរើសតាំងលក់ក្នុងខេត្តសៀមរាប ជាខេត្តដ៏មានសក្តានុពលផ្នែកទេសចរ ដើម្បីចែកចាយផលិតប្រណិតៗរបស់ខ្លួនទៅកាន់ពិភពលោក។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល បានលើកឡើងថា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ គឺជាផលិតផល ដែលឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ ហើយក៏ជាផលិតផលទីមួយដែលទទួលបានពានរង្វាន់ពីអឺរ៉ុប គឺប្រទេសបារាំង។ លោកបន្តថា ការដែល (ខនហ្វីរេល) ដាក់បង្ហាញនាពេលនេះ ក្នុងគោលបំណង គឺចង់បង្ហាញពីផលិតផលដែលខ្មែរយើងមាន នឹងត្រូវបានកែឆ្នៃកាន់តែមានតម្លៃថែមទៀត ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្តថា ពិតណាស់ ម្រេច និងគ្រឿងទេសគិរីរម្យ ប្រហុកម្សៅម៉ាកគិរីរម្យ ស្ករត្នោតកំពង់ស្ពឺ និងដំណាប់ផ្លែឈើម៉ាកត្នោត ស្រា និងស្រាស្ពៀរីត Kirel-Jaya និងស្រា Mekong Crement តែសុខភាពគិរីរម្យ នឹងនាំមកនូវដំណើរកម្សាន្តដ៏ល្អប្រពៃ ជាមួយនឹងរសជាតិមិនអាចបំភ្លេចបាន ហើយមានក្លិនប្រហើរឈ្ងុយឈ្ងប់ ដែលជារសជាតិខ្មែរបុរាណ ដែលបានមកពីសិល្បៈនៃការធ្វើម្ហូបមានប្រភពចេញពីធម្មជាតិយ៉ាងពិតប្រាកដ។ នេះគឺជាវិធីសាស្រ្តមួយទៀត ដើម្បីរំលឹកពីប្រវត្តិសាស្ត្រនៃសម័យអាណាចក្រខ្មែរ។

ទន្ទឹមនឹងនោះដែរ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខនហ្វីរេល ដែលបានបើកសម្ពោធហាងថ្មី នៅខេត្តសៀមរាបនេះ ដើម្បីចូលរួមចំណែកជាមួយវិស័យទេសចរណ៍ ដោយយើងមានប្រាសាទអង្គរវត្ត ដែលជាមូលដ្ឋានគ្រឹះ នៃការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក អ៉ឹង គឹមលាង បានបន្តថា អង្គរវត្តគឺជាមុំមួយដ៏សំខាន់ ដែលយើងត្រូវយកថើមទុនពីអង្គរវត្ត តែក៏យើងត្រូវមានធាតុផ្សំដ៏ច្រើនទៀត ដូចជាតំបន់ផ្សេងៗដែលជាតំបន់ទេសចរណ៍ ហើយក្នុងនោះ ក៏យើងផ្តោតទៅលើ (Shopping) ផងដែរ។ លោកបន្តថា កាលណាយើងមានហាងលក់ផលិតផលដ៏ល្បី យើងនឹងកាន់តែមានការទាក់ទាញទេសចរថែមទៀត។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្តទៀតថា ជាង២០ឆ្នាំមកហើយ ដែលខនហ្វីរេល បានយកចំណេះដឹងដូនតាមកកែច្នៃជាផលិតផល រួមជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមបង្កើនតម្លៃយ៉ាងល្អបំផុតដល់គ្រប់ផលិតផលនៃប្រទេសកម្ពុជា តាមរយៈការអនុវត្តនូវវិធីសាស្រ្តកសិកម្មប្រកបដោយនិរន្តរភាព ដែលគោរពយ៉ាងខ្ចាប់ខ្ជួនទៅតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងទិសដៅចូលរួមអភិវឌ្ឍតំបន់ជនបទកម្ពុជា។

លោកឧកញ៉ាឱសថបណ្ឌិត បានបញ្ជាក់ថា ផលិតផលិតផលម្ហូបអាហារ និងផលិតផលសុខុមាលភាពប្រណិតៗ និងមានទំនួលខុសត្រូវសង្គម និងបរិស្ថាន ដែលមាននៅលក់លើទីផ្សារជុំវិញពិភពលោក Confirel រួមចំណែកដល់ការនាំមកនូវមោទនភាពលើឆាកអន្តរជាតិ សម្រាប់មុខមាត់នៃប្រទេសកម្ពុជា។ Showroom Confirel ថ្មីស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះ ទៅកាន់ប្រាសាទអង្គរ ជាគោលដៅទេសចរណ៍ឈានមុខគេមួយ របស់ទេសចរមកពីជុំវិញពិភពលោក ចូលទស្សនាប្រាង្គប្រាសាទ នៅកម្ពុជា៕