(ម៉ាឌ្រីដ)៖ Real Madrid បានវាយបកយកជ័យជម្នះ ២-១ វិញ ក្រោយពេល Bayern Munich នាំមុខ ១គ្រាប់មុននៅនាទី៦៨ ក្នុងកីឡដ្ឋាន Santiago Bernabeu ដើម្បីទៅប៉ះគូប្រជែងក្រុមរបស់អាល្លឺម៉ង់មួយទៀត Borussia Dortmund ក្នុងការដណ្តើមពានជើងឯកអឺរ៉ុប UEFA Champions League 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃនេះ។

ទាំង ២គ្រាប់ជ័យជម្នះក្នុងជើងទី២ នៅនាទី៨៨ និង ៩០+១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL នោះដែរ គឺបញ្ចប់ទីដោយកីឡាករ Joselu ទាំង ២គ្រាប់តែម្តង ក្នុងនាមកីឡាករបម្រុងដែលត្រូវបានគ្រូបង្វឹកលោក Carlo Ancelotti ដាក់ឱ្យចូលលេងនៅនាទី៨១ បន្ទាប់ពី Harry Kane បញ្ជូនបាល់ឱ្យ Alphonso Davies ស៊ុតគ្រាប់នាំមុខនៅនាទី៦៨។

តាមរយៈលទ្ធផលនេះដែរ នាំឱ្យអតីតជើងឯក UCL ចំនួន ១៤សម័យកាល Real Madrid យកឈ្នះ Bayern Munich អតីតជើងឯក Champions League ៦សម័យកាលផងនោះ ៤-៣ ក្នុងលទ្ធផលទាំងពីរជើង និងឡើងវគ្គផ្តាច់ព្រ័ត្រប៉ះគូប្រជែង Borussia Dortmund ដែលជាក្រុមលេងក្នុងលីគ Bundesliga របស់អាល្លឺម៉ង់ ក្នុងការដណ្តើមជើងឯកពានអឺរ៉ុបរដូវកាលនេះ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងថា ក្រុមជើងឯកលីគ La Liga របស់អេស្ប៉ាញនារដូវកាលនេះ Real Madrid បានកំពុងស្វែងរកការឈ្នះពាន UEFA Champions League ជាលើកទី១៥ ច្រើនជាងគេដាច់ គ្រាដែលគូប្រជែង Borussia Dortmund ព្យាយាមឈ្នះពានធំនេះជាលើកទី២ របស់ពួកគេ ក្រោយទើបឈ្នះបានតែ ១លើកប៉ុណ្ណោះកាលឆ្នាំ១៩៩៧៕