(ភ្នំពេញ)៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភាខាងមុខ នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានប្រតិភូកីឡាចូលរួមសរុបជាង ៩០០នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៣១២នាក់ ស្មើនឹង ៥០ក្រុម មកពី ១២សមាគមចូលរួមប្រកួត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតប្រចាំឆ្នាំ កាលពីល្ងាចថ្ងៃពុធម្សិលមិញ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាវេទិកាដ៏សំខាន់ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី មកពីសមាគម/ក្លិបគ្រប់រាជធានី-ខេត្តបានចូលរួមប្រកួត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ប្រភេទកីឡាប្រពៃណីជាតិនេះ។

ប្រធានសហព័ន្ធដដែលបន្ដថា កីឡាទាញព្រ័ត្រ មិនត្រឹមជាកីឡាប្រពៃណីជាតិនោះទេ ប៉ុន្ដែក៏ជាប្រភេទកីឡាទំនើបមួយ ដែលត្រូវបានបញ្ចូលក្នុងការប្រកួតកម្រិតពិភពលោករៀងរាល់ឆ្នាំផងដែរ តែកម្ពុជានៅមិនទាន់មានលទ្ធភាពអាចចូលរួមប្រកួតកម្រិតខ្ពស់នេះបាននោះទេ។ ដូច្នេះទាមទារឲ្យមានការខិតខំប្រឹងប្រែង និងជំរុញការអភិវឌ្ឍបន្ថែម ដើម្បីដុសខាត់សមត្ថភាពកីឡាករ-កីឡាការិនីទាញព្រ័ត្រកម្ពុជាឲ្យបានខ្លាំង។

តាមរយៈនេះ សហព័ន្ធបានសម្រេចបន្ថែមវិញ្ញាសាមួយចំនួន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដោយក្រៅពីវិញ្ញាសា ៨នាក់ ទល់ ៨នាក់បុរស-នារី និងវិញ្ញាសា ៤នាក់ ទល់ ៤នាក់បុរស-នារី គឺមានបញ្ចូលវិញ្ញាសាឯកត្តជនបុរស-នារី និងពានសមាគមលើវិញ្ញាសា ៨នាក់ ទល់ ៨នាក់បុរស-នារីជាដើម ដើម្បីផ្ដល់ឱកាសឲ្យមានការចូលរួមកាន់តែច្រើន ដើម្បីបង្ហាញសមត្ថភាព និងស្វែងរកអត្តពលិកឆ្នើមត្រៀមការប្រកួតអន្ដរជាតិនានា។

យោងតាមរបាយការណ៍ស្ដីពីការប្រកួតខាងលើបានឲ្យដឹងថា នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ គឺដើម្បីសម្រួចទិសដៅ ក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមៗ សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០២៥ ក្នុងករណីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃទៀតផង៕