(ភ្នំពេញ)៖ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ធនាគារ ABA បានបន្តបង្ហាញនូវលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យកត់សម្គាល់ ដោយពង្រឹងជំហរ ជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ចជាចលករដ៏សំខាន់ ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន ១២,០៦៨ លានដុល្លារ កើនឡើង២៤% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ ប្រាក់ចំណេញសុទ្ធ កើនឡើង១៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៣។
ទន្ទឹមប្រាក់ចំណេញសុទ្ធកើនឡើង ប្រាក់បញ្ញើអតិថិជនរបស់ធនាគារ ABA នៅត្រីមាសទី១ ឆ្នាំ២០២៤ ក៏បានកើនឡើងដូចគ្នាដែរ ពោលគឺសម្រេចបានដល់ទៅជាង ៩,៦៩ ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈប្រាក់កម្ចីដុលវិញមានដល់ទៅជាង ៨,១៥ ពាន់លានដុល្លារ កើនឡើង១៨%។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចំនួនគណនីអតិថជនកើនឡើងគួរឲ្យកត់សម្គាល់ ដល់ទៅ៧.៦លានគណនីស្មើនឹង៤១%។ នេះបញ្ជាក់ឲ្យឃើញថាសេវាធនាគាររបស់ ABA ពិតជាសម្បូរបែបនិងងាយស្រួល មិនថារូបវន្តបុគ្គល និង សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានលើកឡើងថា ដោយមានយុទ្ធសាស្ត្រដ៏ល្អឯក បណ្តាញធុរកិច្ចប្រាក់បញ្ញើ និងប្រាក់កម្ចី ព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថល បានធ្វើឲ្យ ABAក្លាយជាធនាគារឈានមុខគេ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាព និងជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា។

លោកបន្តថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ សម្រាប់ទំនុកចិត្ត និងការគាំទ្រធនាគារ ABA ជារហូតមក។ យើងខ្ញុំក៏សូមស្វាគមន៍ដល់អតិថិជនថ្មីៗ ក្នុងការចាប់ផ្តើមប្រើសេវាធនាគារយើងខ្ញុំ ខណៈដែលយើងបន្តគាំទ្រដល់រូបវន្តបុគ្គល និងបណ្តាអាជីវកម្មនានា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយនវានុវត្ត ជាមួយនឹងកិច្ចការផ្ដោតលើការផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការប្តេជ្ញាចិត្តចំពោះភាពរីកចម្រើននិងវិបុលភាពជាតិ»

លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍របស់ធនាគារ ABA គិតត្រឹមត្រីមាសទីមួយ ក្នុងឆ្នាំ ២០២៤ គូសបញ្ជាក់ជំហរឈានមុខគេនៅក្នុងវិស័យធនាគារកម្ពុជា៕