(ភ្នំពេញ)៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញផ្នែកអចលនទ្រព្យទាំងអស់ បានជួបជុំគ្នានៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នាល្ងាចថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរសមិទ្ធផល របស់បុគ្គល និងក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ ។

ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។

លោក Tom O'Sullivan នាយកប្រតិបត្តិការនៃ Realestate.com.khបានថ្លែងក្នុងសន្ទរកថា បើកកម្មវិធី ដោយលើកសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃវិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងការពង្រឹងទំនុកចិត្តរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីធានាអោយបាននូវសុវត្ថិភាពនៃការវិនិយោគពីភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះផងដែរ Realestate.com.kh បានណែនាំ Platform ថ្មីរបស់ខ្លួនមួយឈ្មោះថា Connect ដែលជាវេទិកាមួយអនុញ្ញាតអោយភាគីពាក់ព័ន្ធ ក្នុងវិស័យអចលនទ្រព្យបានទាញយកទៅប្រើប្រាស់ ដើម្បីរក្សាទិន្នន័យ ស្វែងរកអតិថិជន សហការគ្នាជាមួយដៃគូ ក្នុងការធ្វើប្រតិបត្តិការទិញ លក់ ឬជួល ដោយមានប្រសិទ្ធិភាព និងតម្លាភាពបំផុត។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានអ្នកចូលរួមជាង ៣០០ នាក់ ដែលអញ្ជើញមកពីគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យ របស់ប្រទេសកម្ពុជា។

អ្នកដែលត្រូវបានតែងតាំង និងអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំ ក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួមរបស់ពួកគេ ។

អ្នកឈ្នះរង្វាន់ជាង ៣០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ ។

ពានរង្វាន់ អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមានអ្នកឈ្នះរួមមាន អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំពីក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ខណៈដែលអ្នកអភិវឌ្ឍន៍គម្រោង Time Square គឺក្រុមហ៊ុន MegaKim World Corporation បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍខុនដូឆ្នើមប្រចាំឆ្នាំ។

ពិសេសនោះក្រុមហ៊ុន Canopy Sands Development ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូល សម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល បុរីវីល្លាម បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Connexion ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Lifestyle Development of the Year។ Mean Chey Residences, Picasso City Garden, Sophea Suites, Prince Happiness Plaza, Borey Amory, Diamond Bay Gardenនិង Time Square 6 គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។

ពានរង្វាន់ទីភ្នាក់ងារប្រចាំឆ្នាំ ត្រូវបានប្រគល់ជូន Asia Real Estate Cambodia (ARC) និង WH Living and Properties។

នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យ និងបានលើកឡើងពីភាពជោគជ័យ នៃពានរង្វាន់ CREA ឆ្នាំ2024 ។

លោកបានបញ្ជាក់ថា «ទោះបីជាវិស័យនេះជួបផលវិបាកច្រើនក៏ដោយ, ការរួបរួមគ្នា និងពង្រឹងការប្តេជ្ញាចិត្តរបស់យើង ចំពោះការលូតលាស់ដោយស្ថេរភាព និងត្រឹមត្រូវគឺមានសារៈសំខាន់»

លោក O'Sullivan បានបន្តថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏ច្រើន ពីអ្នកឧបត្ថម្ភទាំងអស់រួមមាន Hanuman Beer, Port City Colombo, B2B Cambodia, DFDL Cambodia, The Room Architecture & Design, Over Under, GAC Motor Cambodia, TDB Projects, Khmer Timesនិងដៃគូផ្សេងទៀតដែលបានជួយធ្វើឱ្យល្ងាចនោះទទួលបានភាពជោគជ័យ៕