(ម៉ូនិច)៖ Bayer Leverkusen ដែលជាជើងឯកលីគ Bundesliga របស់អាល្លឺម៉ង់រដូវកាលនេះ បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League 2023-2024 ដ្បិតលេងមិនចាញ់ក្រុម AS Roma។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Leverkusen បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី២ នៅទឹកដីរបស់ខ្លួន បន្ថែមលើជ័យជម្នះ ២ទល់នឹង០ កាលលេងជើងទី១ នៅប្រទេសអ៊ីតាលី ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តាមរយៈលទ្ធផលទាំងពីរជើងនេះដែរ បានធ្វើឱ្យ Bayer Leverkusen ដែលស្ថិតក្រុមការបង្វឹករបស់លោក Xabi Alonso យកឈ្នះ Roma ៤ទល់នឹង២ ដើម្បីឡើងទៅប៉ះ Atalanta ក្រុមមកពី Serie A មួយផ្សេងទៀត ក្នុងការដណ្តើមជើងឯក Europa League រដូវកាលនេះនៅទីលានដែលស្ថិតក្នុងទីក្រុង Dublin សាធារណរដ្ឋអៀរឡង់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងថា គិតមកទល់ពេលនេះ Bayer Leverkusen បានរក្សាកំណត់ត្រាលេងមិនចាញ់ឡើយចំនួន ៤៩ប្រកួត គ្រប់កម្មវិធី ដោយក្នុងនោះដែរ លេងឈ្នះមានដល់ទៅ ៤០លើកឯណោះ។

ពួកគេបានក្លាយជាក្រុមរបស់អាល្លឺម៉ង់ទី២ ក្នុងសប្តាហ៍នេះដែលបានឈានដល់ផ្តាច់ព្រ័ត្រពានអឺរ៉ុប ក្រោយពេល Borussia Dortmund ឈានទៅផ្តាច់ព្រ័ត្រ UEFA Champions League ដែលត្រៀមប៉ះគូប្រជែង Real Madrid លេងនៅកីឡដ្ឋាន Wembley នាដើមខែមិថុនា ឆ្នាំ២០២៤ ផងដែរ៕