(បរទេស)៖ Aston Villa ដែលជាក្រុមអង់គ្លេសតែ ១គត់ឈានដល់មកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុបរដូវកាលនេះ បានហាលអាវពី UEFA Europa Conference League ហើយ បន្ទាប់ពីលេងមិនឈ្នះ Olympiakos របស់ក្រិកសោះ ក្នុងលទ្ធផលទាំង ២ជើង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈលទ្ធផលចាញ់ ២ទល់នឹង០ បញ្ចប់ជើងទី២ នាយប់មិញនេះនៅប្រទេសក្រិកសម្រាប់វគ្គ ៤ក្រុមចុងក្រោយ បានធ្វើឱ្យក្រុមសមាជិកលេងនៅ Premier League គឺ Aston Villa ចាញ់ Olympiakos ៦-២។

ក្រុមមកពីលីគកំពូលរបស់ក្រិក Olympiakos ត្រូវឡើងទៅប្រជែងពានលំដាប់ទី៣ អឺរ៉ុប Conference League រដូវកាលឆ្នាំ២០២៣-២០២៤ ទល់នឹង Fiorentina សមាជិកលេងនៅ Serie A របស់អ៊ីតាលីដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន AEK Athens ស្ថិតក្នុងទីក្រុងអាតែន ដែលជាទឹកដីរបស់ Olympiakos ផងដែរ។

ជាមួយគ្នានោះ ក្តីរំពឹងឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបលើកដំបូងសម្រាប់ Aston Villa គិតចាប់តាំងពីលោក Tony Barton បានដឹកនាំឈ្នះពាន European Cup ក្នុងឆ្នាំ១៩៨២ ត្រូវបានរលាយបាត់ នៅពេលស្ថិតក្រោមការបង្វឹករបស់លោក Unai Emery និងគ្មានក្លិបអង់គ្លេសណាមួយឡើយឈានដល់ផ្តាច់ព្រ័ត្រពានអឺរ៉ុបរដូវកាលនេះ ក្នុងចំណោម ៤រដូវកាលចុងក្រោយ៕