(ស្វាយរៀង)៖ ការប្រកួតបាល់ទាត់ទាំងផ្នែកបុរស និងនារី បានឈានចូលដល់វគ្គ ៤ក្រុមចុងក្រោយដូចៗគ្នា ដែលត្រូវលេងចុងសប្តាហ៍នេះនៃពានរង្វាន់ស្វាយរៀង ប្រចាំឆ្នាំ២០២៤។

សម្រាប់ផ្នែកបុរសដែលជារដូវកាលទី៦ ឆ្នាំ២០២៣-២០២៤ គឹត្រូវលេង ១ប្រកួតនាថ្ងៃសៅរ៍ ទី១១ ខែឧសភា គឺជាការជួបគ្នារវាងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប៉ះក្រុមសៀងហៃរីស្សត FC នាម៉ោង ៣៖៣០នាទីរសៀល និងថ្ងៃអាទិត្យ ទី១២ ខែឧសភា ១ប្រកួតទៀតគឺជាការជួបគ្នារវាងក្រុម សសយក ក្រុងបាវិត ប៉ះគូប្រជែងយុវជនសាមគ្គី នាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា នៅទីលានខេត្តស្វាយរៀងតែ ១គត់។

ដោយឡែកសម្រាប់ការប្រកួតពានស្វាយរៀង លើកទី១ ប្រចាំឆ្នាំ២០២៤ ផ្នែកនារីវិញម្តង គឺជាការជួបគ្នារវាងក្រុម សសយក ស្រុករំដួល ប៉ះវិទ្យាល័យព្រះពន្លា នាម៉ោង ៨យប់ ថ្ងៃសៅរ៍ ទី១១ ខែឧសភា និងថ្ងៃអាទិត្យ គឺជាការជួបគ្នារវាងក្រុម សសយក ស្រុកកំពង់រោទិ៍ ជួបក្រុមសសយក ស្រុកស្វាយទាប នាម៉ោង ៨យប់ដូចគ្នា ដោយនឹងធ្វើឡើងនៅទីលាន វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារតែ ១គត់៕