(មេនឆេស្ទើ)៖ លោក David Beckham ម្ចាស់ក្លិបបាល់ទាត់ Inter Miami FC បច្ចុប្បន្នមានក្តីរំពឹងថា ភាពយន្តឯកសារដែល Manchester United ឈ្នះពានដល់ទៅ៣ កាលឆ្នាំ១៩៩៩ អាចជួយជំរុញទឹកចិត្តកីឡាករបិសាចក្រហមនាពេលនេះ។

Beckham បានថ្លែងក្នុងកម្មវិធី BBC 5 Live ថា «គ្រប់ពេលវេលាទាំងអស់ ខ្ញុំតែងតែគិតថា គ្រប់គ្នាដែលបានមើលវីដេអូនេះ ថ្វីបើអ្នកធ្លាប់មានទំនាក់ទំនងជាមួយ Man Utd អាចទទួលបានពីការជំរុញចិត្តពីវីដេអូនេះមិនខាន។ វាគឺជាពេលវេលាដ៏លំបាកដែលបិសាចក្រហមជួបប្រទះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ»

លោកបន្តថា «បច្ចុប្បន្នពួកយើងមានអារម្មណ៍ថា ការឈ្នះពានធំរាងនៅឆ្ងាយបន្តិចមែន ក៏ប៉ុន្តែវានឹងអាចកើតឡើងដោយឥតសង្ស័យ ប្រសិនបើពួកយើងមានការជំរុញ និងខិតខំពីឥឡូវនេះតទៅ»

អតីតប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស David Beckham ធ្លាប់លេង ៣៩៤ប្រកួតឱ្យ Manchester United ជាមួយនឹងការឈ្នះពានលីគកំពូល Premier League បាន ៦លើកផងដែរ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៣ ដោយរកបាន ៨៥គ្រាប់ទៀតផង។

អ្វីដែលពិសេស Beckham គឺជាសមាជិកសំខាន់ ១រូបដែលបានរួមចំណែកជួយបិសាចក្រហមឈ្នះជើងឯកពាន UEFA Champions League, Premier League និង FA Cup ក្នុងរដូវកាលឆ្នាំ១៩៩៨-១៩៩៩ ថែមទៀតផង ដោយស្ថិតក្រោមការបង្វឹករបស់លោក Sir Alex Ferguson ក្នុងរយៈពេល ២៥ឆ្នាំកន្លង។

ពួកគេបានកំពុងឈរនៅលេខរៀងទី៨ ក្នុងលីគបច្ចុប្បន្ន និងពុំដែលឈ្នះពានធំនេះឡើយ គិតចាប់តាំងពីលោក Sir Alex លាឈប់កាលពីឆ្នាំ២០១៣ មក។ Man Utd ឈ្នះពាន UEFA Champions League ចុងក្រោយក្នុងឆ្នាំ២០០៨ ពាន FA Cup ក្នុងឆ្នាំ២០១៦ ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2017 និងចុងក្រោយពាន League Cup នាឆ្នាំ២០២៣៕