(រ៉ូម)៖ ម្ចាស់ការពារពានរង្វាន់ជើងឯក Italian Open កីឡាការិនីតេន្នីស Elena Rybakina បានដកខ្លួនចេញពីកម្មវិធីនេះ ដោយសារមានជំងឺ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំព្រឹត្តិការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

ការដកខ្លួនរបស់ម្ចាស់ពានរង្វាន់ Wimbledon 2022 ត្រូវបានប្រកាសប៉ុន្មានម៉ោង មុនពេលនាងគ្រោងនឹងចាប់ផ្តើមការប្រកួតការពារពានរង្វាន់របស់នាង ទល់នឹងកីឡាការិនីរូម៉ានី Irina-Camelia Begu។

Rybakina សញ្ជាតិកាហ្សាក់ស្ថាន នឹងត្រូវបានជំនួសដោយកីឡាការិនីបារាំង Oceane Dodin។ អ្នករៀបចំព្រឹត្តិការណ៍ បានឱ្យដឹងក្នុងការបង្ហោះលើប្រព័ន្ធទំនាក់ទំនង X។

«យើងរំពឹងថា ម្ចាស់ពានរង្វាន់ជើងឯក ឆ្នាំ២០២៣រ បស់យើងនឹងឆាប់ជាសះស្បើយពីជំងឺ»។ អ្នករៀបចំបានលើកឡើង។

សូមជម្រាបថា កីឡាការិនីតេន្នីសលំដាប់ទី៤ ពិភពលោក Rybakina គ្រោងនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ French Open នាចុងខែនេះដែរ៕