(បរទេស)៖ OpenAI គ្រោងប្រកាសផលិតផលថ្មីរបស់ខ្លួន នោះគឺមុខងារស្វែងរក ដំណើរការដោយបញ្ញាសិប្បនិម្មិ AI ។ នេះបើយោងតាមប្រភពដែលដឹងពីដំណឹងនេះ ដោយលើកឡើងថា មុខងារថ្មីនេះនឹងចូលមកជួយបង្កើនភាគហ៊ុនក្រុមហ៊ុន ក៏ដូចជាមកប្រកួតប្រជែងជាមួយស្តេចស្វែងរក Google នោះគឺ Google Search។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងកាលបរិច្ឆេទប្រកាសចេញ ត្រូវបានប្រភពទម្លាយថា គ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្តែអាចមានការផ្លាស់ប្តូរ។ Bloomberg និងព័ត៌មានផ្សេងទៀតក៏បានចុះផ្សាយពីដំណឹងនេះដែរ ដោយបានរាយការណ៍ថាក្រុមហ៊ុន Microsoft មេធំរបស់ OpenAI កំពុងធ្វើការលើផលិតផលស្វែងរក ដើម្បីប្រកួតប្រជែងជាមួយ Alphabet របស់ Google។

ជុំវិញព័ត៌មាននេះ ក្រុមហ៊ុន OpenAI បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ពេល Reuters ទាក់ទងទៅ ប៉ុន្តែបានបង្ហោះសារលើបណ្តាញសង្គម X ថា ក្រុមហ៊ុននឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃចន្ទ ដើម្បីបង្ហាញការធ្វើបច្ចុប្បន្នភាពមួយចំនួនរបស់ ChatGPT និង GPT-4 ។ នាយកប្រតិបត្តិ OpenAI លោក Sam Altman ក្រោយមកបានបង្ហោះនៅលើ X ថា មិនមែន gpt-5 មិនមែនជាម៉ាស៊ីនស្វែងរកទេ ប៉ុន្តែយើងបានប្រឹងប្រែងធ្វើការលើរបស់ថ្មីមួយចំនួន ដែលយើងគិតថាមនុស្សនឹងចូលចិត្ត! មានអារម្មណ៍ថា ដូចជាវេទមន្ត...៕