(បរទេស)៖ សហព័ន្ធបាល់ទាត់កាណាដា បានឈានដល់កិច្ចព្រមព្រៀងក្នុងការតែងតាំងលោក Jesse Marsch អតីតអ្នកចាត់ការទូទៅក្លិប Leeds United ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីត្រៀមលក្ខណៈសម្បត្តិលេងពានប្រចាំតំបន់អាមេរិកឡាទីន Copa America នាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសសញ្ជាតិអាមេរិក វ័យ ៥០ឆ្នាំរូបនេះបានទំនេរពីការងារតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មក បន្ទាប់ពីត្រូវបានក្លិបអង់គ្លេស Leeds ដកតំណែង ដែលដឹកនាំមិនបាន ១ឆ្នាំផងនោះនៅកីឡដ្ឋាន Elland Road ជាមួយនឹងស្ថិតិដឹកនាំមានចំនួន ២៩.៧៣% ក្នុងចំណោម ៣៧ប្រកួតសរុប។

លោក Marsch ដែលធ្លាប់ចូលលេង ២លើកឱ្យជម្រើសជាតិសហរដ្ឋអាមេរិកផងនោះ នឹងចាប់ផ្តើមចូលកាន់តួនាទី និង ធ្វើការងារជាផ្លូវការជាមួយបុគ្គលិករបស់លោកតែម្តង ក្រោយពេលបញ្ចប់រដូវកាលលីគឆ្នាំ២០២៣-២០២៤ ដ្បិតពិធីប្រកាសតែងតាំងចូលកាន់តំណែងនឹងធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ក្នុងការជំនួសកៅអីគ្រូបង្វឹកស្តីទី លោក Mauro Biello។

បេសកកម្មធំដំបូងគេរបស់លោក Marsch គឺត្រូវដឹកនាំកាណាដាលេងក្នុងព្រឹត្តិការណ៍ Copa America 2024 ដែលរៀបចំឡើងនៅអាមេរិកចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ដ្បិតកាណាដាត្រូវលេងបើកឆាកពាន ២ឆ្នាំម្តងនេះទល់នឹងក្រុមការពារតំណែងជើងឯក ពពកសអាហ្សង់ទីន មុនពេលប៉ះប៉េរូ និងឈីលី ដែលស្ថិតក្នុងពូល A ជាមួយគ្នា៕