(ភ្នំពេញ)៖ ថ្មីៗនេះ កីឡាករគុនខ្មែរដ៏ល្បីរបស់កម្ពុជា ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes ចាត់ចូលក្នុងបញ្ជីបុគ្គលលេចធ្លោអាយុក្រោម ៣០ឆ្នាំចំនួន ៣០រូប (30 Under 30 Asia Class of 2024) ផ្នែកសិល្បៈ និងកីឡា ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងទទួលបានការសាទរជាខ្លាំងពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបង្ហោះសារអបអរសាទរយ៉ាងដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក» ។

ទស្សនាវដ្ដីដ៏ល្បីខាងលើ បានគូសបញ្ជាក់ថា ធឿន ធារ៉ា កំពុងធ្វើឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្រើន តាមរយៈជីវិតតស៊ូ និងសមិទ្ធផល ដែលរូបគេសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ជាក់ស្ដែងត្រឹមវ័យ ១០ឆ្នាំ ធារ៉ា បានចំណាកស្រុកដើម្បីធ្វើការជួយផ្គត់ផ្គង់គ្រួសារ នៅប្រទេសថៃ មុនកីឡាករមានប្រភពពីខេត្តព្រៃវែងរូបនេះ ត្រឡប់មកហ្វឹកហាត់គុនខ្មែរវិញ នៅវ័យ ១៥ឆ្នាំ រហូតបានចូលរួមជម្រើសជាតិក្រុមជម្រើសជាតិគុនខ្មែរ នៅឆ្នាំ២០១៨ ។

បន្ទាប់មកកីឡាករគុនខ្មែរ ដែលទទួលបានរហស្សនាម «អ្នកលេងពូថៅដៃ» រូបនេះ ក៏បានសាងភាពល្បីល្បាញកាន់តែខ្លាំង ពិសេសនៅឆ្នាំ២០២២ បន្ទាប់ពី ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូង ដែលឈ្នះពាន King Cup លើសង្វៀន Thai Fight ដោយផ្តួលកីឡាករលំដាប់កំពូលថៃ Saiyok Pumpanmuang ក្នុងការប្រកួតលក្ខណៈអំបោះឆៅ ។ បន្ទាប់ពីយកឈ្នះ Saiyok ក៏ដូចជា Beckham Banchamek ស្ថាប័ន WMO ក៏បានជ្រើសរើស ធឿន ធារ៉ា ជាកីឡាករលេខ១ក្នុងប្រភេទទម្ងន់ Middleweight (៧២,៥គីឡូក្រាម) ។

សមិទ្ធផលទាំងអស់នេះហើយ ដែលរួមចំណែករុញឲ្យអ្នកលេងគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ហើយបច្ចុប្បន្នកីឡាករវ័យ ២៨ឆ្នាំរូបនេះ ក៏ត្រូវបានចាត់ទុកថា ជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូបនៅកម្ពុជាផងដែរ ៕