(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានសាងប្រវត្តិសាស្រ្តដ៏អាក្រក់មួយក្នុងលីគ Premier League របស់អង់គ្លេស ទោះលេងឈ្នះម្ចាស់ផ្ទះ Brighton Hove & Albion នៅថ្ងៃបិទបញ្ចប់រដូវកាលនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈជ័យជម្នះ ២ទល់នឹង០ នៅក្នុងផ្ទះរបស់ Brighton នាយប់ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ បានធ្វើឱ្យបិសាចក្រហមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ ក្នុងតារាងពិន្ទុ ក្រោយឆ្លងកាត់ ៣៨ប្រកួតសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមួយ គិតចាប់តាំងពីរដូវកាលឆ្នាំ១៩៨៩-១៩៩០ មក។

កីឡាករ Diogo Dalot និង Rasmus Hojlund បានរួមចំណែករកបានម្នាក់ ១គ្រាប់នៅនាទីចុងម៉ោង ក្នុងរាត្រីដែលសារិកាព្រៃ ក៏បានបំបាក់ Brentford ៣-០ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៧ នៅពីលើពួកគេ និងគ្មានកៅអីលេងពានអឺរ៉ុបដូចគ្នា។

តាមរយៈលទ្ធផលនេះដែរ បានញាំងឱ្យ Man Utd ត្រូវការយកឈ្នះ Manchester City ដាច់ខាតក្នុងផ្តាច់ព្រ័ត្រពានលំដាប់ទី២ អង់គ្លេស FA Cup នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីទទួលបានកៅអីលេងពានអឺរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០២៤-២០២៥៕