(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យគ្រឹះស្ថានអប់រំ គិតគូរបន្ថែមកម្មវិធីកីឡាក្រៅម៉ោងសិក្សាដល់សិស្ស-និស្សិតរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពពួកគេផង និងរួមចំណែកផលិតបាននូវធនធានកីឡាករ-កីឡាការិនីប្រកបដោយគុណភាព ឬជម្រើសជាតិនាថ្ងៃអនាគតផង។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះ មានរយៈពេលជាង ១សប្ដាហ៍ គ្រោងនឹងបញ្ចប់នាថ្ងៃទី២៧ ខែឧសភាខាងមុខ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៧៦៤នាក់ និងមកពី ៤៨គ្រឹះស្ថានអប់រំទូទាំងប្រទេស។

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំខាងលើបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចូលរួមប្រកួត ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ គ្រឹះស្ថានមិនទាន់បានចូលរួម និងបញ្ចូនកីឡាករ-កីឡាការិនីចូលរួមកាន់តែច្រើន ដើម្បីជំរុញព្រឹត្តិការណ៍ថ្នាក់ជាតិនេះឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ និងមានគុណតម្លៃបន្ថែមទៀត។

ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន បានស្នើសុំយ៉ាងទទូចដល់បណ្ដាគ្រឹះស្ថានអប់រំទាំងអស់ថា «សូមមេត្ដាព្យាយាមក្នុងការបង្កើននូវកម្មវិធីអប់រំកាយ និងកីឡា ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការបន្ថែមនូវកម្មវិធីកីឡាក្រៅម៉ោងសិក្សាជូនដល់សិស្ស-និស្សិត ដែលជាថ្នាលនៃអនាគតជម្រើសជាតិកម្ពុជា។ ក្រសួងតែងតែធ្វើទំនើបកម្មជានិច្ច ក្នុងការរៀបចំកម្មវិធីប្រកួតកីឡា និងអភិវឌ្ឍន៍បច្ចេកទេសកីឡា ដើម្បីប្រែក្លាយឲ្យកីឡាជាតិរបស់យើង ក្លាយទៅជាកត្ដាដ៏សំខាន់មួយក្នុងការអប់រំដែលមិនអាចខ្វះបាន»

កន្លងមករដ្ឋលេខាធិការក្រសួងអប់រំខាងលើ តែងក្រើនរំឮកជារឿយៗដល់គ្រឹះស្ថានអប់រំ ក៏ដូចជាសហព័ន្ធកីឡាជាតិថា កីឡាករ-កីឡាការិនី ដែលកើតចេញពីគ្រឹះស្ថានអប់រំ មិនថាកម្រិតបឋម មធ្យម ឬឧត្តមសិក្សា សុទ្ធតែជាធនធានប្រកបដោយគុណភាព ទាំងកម្រិតការយល់ដឹង ក្រមសីលធម៌ វិន័យ ពិសេសឆន្ទៈដ៏មោះមុតក្នុងការហ្វឹកហាត់ ដើម្បីសម្រួចជំនាញកីឡា។ ហេតុនេះ លោកលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់លើការងារនេះ ដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមតំណាងជាតិប្រកួតលើឆាកអន្ដរជាតិនានា។

សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ គឺមាន ១៣ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា និងសរុបមានចំនួន ៧១៨មេដាយ។ ចំពោះទីលានប្រកួតប្រមូលផ្ដុំនៅរាជធានីភ្នំពេញ ក្នុងនោះវិញ្ញាសាបាល់ទាត់ គឺធ្វើការប្រកួតជម្រុះ តាមវិទ្យាល័យមួយចំនួន តែកីឡាភាគច្រើន គឺធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕