(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៤នេះ សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានចាប់ដៃគូរសហការជាមួយសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ប្រធានបទស្តីអំពី «ឱកាសវិនិយោគនៅប្រទេសកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ០៥:៣០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។

នៅក្នុងកម្មវិធីផ្ទាល់នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលលោកជំទាវនឹងថ្លែងសន្ទរកថាស្តីពី ឱកាសអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ លើសពីនេះក្នុងកម្មវិធីផ្ទាល់ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ជាទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយលោកនឹងធ្វើបទបង្ហាញអំពី គោលនយោបាយវិនិយោគ ក្នុងប្រទេសកម្ពុជា។ ក្រោយពីការថ្លែងសន្ទរកថានិងការធ្វើបទបង្ហាញ កម្មវិធីបន្ទាប់គឺជាវេទិកាពិភាក្សា ជាន់ខ្ពស់ ដោយមានវត្តមាននដ៏ខ្ពង់ខ្ពស់ពីសំណាក់វាគ្មិនកិត្តិយសចំនួនបីរូបរួមមានឯកឧត្ដម បណ្ឌិត ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប។ វាគ្មិនកិត្តិយសទាំងបីរូប នឹងជជែកពិភក្សាក្រោមប្រធានបទ ឱកាសវិនិយោគ លើបិស័យកសិកម្ម ទេសចរណ៍ និងអចលនទ្រព្យ នៅកម្ពុជា។

តាមរយៈកម្មវិធីដ៏មានសារៈសំខាន់មួយនេះ សំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា តាមរយៈការជជែកពិភាក្សា ការណែនាំ និងការប្រឹក្សាពីសំណាក់វាគ្មិនកិត្តិយស ដែលសុទ្ធសឹងតែជាបញ្ញាជនប្រកបដោយចំណេះដឹង បទពិសោធ និងសុទ្ធតែជាអ្នកដែលបានកសាងនូវស្នាដៃល្អៗក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា ២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។

សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មវិញ លោកអ្នកអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម
https://forms.gle/6ZByjRXMBwyvCLrk6 

សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
077 388 587 / 016 268 600